ព័ត៌មាន May 12, 2019 Khmernote
ប្រគល់ម៉ូតូឲ្យអ្នកបើកបរល្មើសច្បាប់ជិះលើសួនច្បារមាត់ទន្លេវិញ ក្រោយរក្សាទុកមួយសប្តាហ៍ជាការព្រមាន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំកុរសឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង៤០នាទី ម្សិលមិញនេះ​​ ដោយមានគោលការណ៍ដឹកនាំពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូពេញ បានប្រគល់ភារៈកិច្ចជូនលោក គឹម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ ធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់យាន្តជំនិះ ដែលល្មើសច្បាប់ចរាចរ ជិះឡើងលើសួនច្បារ និងលើផ្លូវថ្មើរជើង តាមបណ្តោយសួនច្បារមាត់ទន្លេ ។

ជាលទ្ធផល៖ មានម៉ូតូល្មើសច្បាប់ចំនួន៣៦គ្រឿង ប្រគល់ត្រលប់ទៅវិញចំនួន២៥ គ្រឿង (មិនទាន់មកយកចំនួន ១១គ្រឿង)។ សូមបញ្ជាក់ថា៖ ការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់យាន្តជំនិះ ដែលល្មើសច្បាប់ចរាចរខាងគឺទុករយៈពេលចំនួនមួយសប្តាហ៍ ជាការព្រមាន តែមិនផាកពិន័យជាសាច់ប្រាក់នោះទេ៕

ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ