ព័ត៌មាន May 17, 2019 Khmernote
ប្រព័ន្ធអប់រំថ្មីរបស់ចិនហាមមិនឲ្យសិស្សថ្នាក់បរិញ្ញាបត្រ យកទូរស័ព្ទចូលថ្នាក់រៀនឡើយ ដើម្បីពង្រឹងគុណភាពសិក្សា

ចិន៖ ប្រព័ន្ធអប់រំថ្មីសម្រាប់អនុវត្តនៅក្នុងខេត្ត Jiangxi ប្រទេសចិន នឹងធ្វើការហាមឃាត់សិស្សថ្នាក់បរិញ្ញាបត្រទាំងអស់មិនឲ្យយកទូរស័ព្ទស្មាតហ្វូន និង Tablet ទៅកាន់ថ្នាក់រៀនឡើយ នេះបើយោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន SHANGHAI ។ បើតាមមន្ទីរអប់រំប្រចាំខេត្ត Jiangxi បានបញ្ជាក់ថា ការហាមឃាត់នេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់មិនឲ្យសិស្សខ្ជះខ្ជាយពេលវេលាជាមួយនឹងស្មាតហ្វូន ឬ Tablet ក្នុងការលេងហ្គេម ឬប្រើប្រាស់បណ្តាញសង្គមផ្សេងៗជាដើម។

យ៉ាង​ណាក្តី ឧបករណ៍ផ្សេងៗដែលទាក់ទងនឹងការសិក្សាតាមមុខវិជ្ជាដែលត្រូវរៀនគឺសិស្សអាចយកទៅកាន់ថ្នាក់រៀនបានជាធម្មតា។ គេសង្ឃឹមថា សិស្សនឹងផ្ដោតលើការសិក្សាបានច្រើនជាងមុន នៅពេលដែលពួកគេគ្មានទូរស័ព្ទ ឬ Tablet ជាប់នៅក្នុងខ្លួន។ សូមបញ្ជាក់ថា ប្រព័ន្ធអប់រំប្រចាំ Jiangxi ហាក់មានការរឹតបន្តឹងលើការប្រើប្រាស់ទូរស័ព្ទទំនើបក្នុងថ្នាក់រៀនជាខ្លាំង រហូតដល់ពេលកន្លងមកនេះមានគ្រូបង្រៀនខ្លះបានឲ្យសិស្សយកញញួរមកវាយកម្ទេចទូរស័ព្ទរបស់ពួកគេចោលទៀតផង៕

អត្ថបទ៖ ភក្តី

ប្រភព៖ shanghai