ក្រុមហ៊ុន GCG Asia Co., LTD ដែលយកឈ្មោះ និងរូបថតសម្តេចតេជោ ទៅប្រើប្រាស់ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបិទហើយ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន GCG Asia Co., LTD មានទីតាំងនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលបានយកឈ្មោះ និងរូបរបស់សម្តេចតេជោ ហ៊ុន សែន ទៅបង្ហោះចូលក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់នោះ ត្រូវបានកម្លាំងសមត្ថកិច្ច និងមន្ត្រីធនាគារជាតិ បានចុះបិទជាបណ្តោះអាសន្នហើយ។ នៅក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្តីប្រពន្ធ២នាក់ជនជាតិម៉ាឡេស៊ី ដែលជាប្រធានក្រុមហ៊ុន ដើម្បីយកទៅធ្វើការសួរនាំបន្តទៀត។

ប្រតិបត្តិការចុះបិទបណ្តោះអាសន្នក្រុមហ៊ុន GCG Asia Co., LTD បានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហោះពីដំណឹងសន្តិសុខជាតិបន្ទាន់មួយ ពាក់ព័ន្ធនឹងក្រុមហ៊ុន GCG Asia Co., LTD នោះបានយកឈ្មោះ និងរូបថតរបស់សម្តេច ទៅបង្ហោះលើវេបសាយរបស់ខ្លួន ដោយអះអាងថា សម្តេចតេជោ គាំទ្រក្រុមហ៊ុនខ្លួន និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុននៅថ្ងៃទី ២០ ខែ ឧសភា ២០១៩ ខាងមុខនេះទៀតផង។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះក៏បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency) ហើយតាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជាគឺបញ្ជាក់ថា GCG Asia Co., LTD ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ និងត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅថែមទៀតផង។

សម្តេចតេជោ ក៏បានធ្វើការបដិសេធន៍ព័ត៌មាន ដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ ហើយសម្តេចបានសំណូមពរឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទារទោសតាមច្បាប់ជាធរមានជាបន្ទាន់៕

អត្ថបទ៖ សេម