តៃវ៉ាន់ក្លាយជាដែនដីអាស៊ីដំបូងបំផុត ដែលបានអនុញ្ញាតឱ្យមានច្បាប់អាពាហ៍ពិពាហ៍ដល់អ្នកស្រលាញ់ភេទដូចគ្នា

មុននេះបន្តិចក្រុមសភាតៃវ៉ាន់បានក្លាយទៅជាជនដំបូងគេនៅអាស៊ី ដែលបានដាក់ឱ្យមានការទទួលស្គាល់ស្របច្បាប់នូវច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីមានការបោះឆ្នោតឯកភាពគ្នាក្នុងថ្ងៃសុក្រនេះ។ កាលពីឆ្នាំ ២០១៧ តុលាការរដ្ឋធម្មនុញ្ញកោះនេះធ្លាប់បានសម្រេចថា គូស្វាមីភរិយាភេទដូចគ្នាមានសិទ្ធិស្របច្បាប់ក្នុងការរៀបអាពាហ៍ពិពាហ៍។ សភាកោះនេះត្រូវបានផ្តល់ពេលវេលា ២ឆ្នាំ ដើម្បីដាក់ឱ្យអនុម័តការផ្លាស់ប្តូរនេះឱ្យបាននៅត្រឹមថ្ងៃ ទី២៤ ខែឧសភា ឆ្នាំនេះផ្ទាល់។

ក្រុមអ្នកតាក់តែងច្បាប់បានជជែកគ្នាលើលិខិតស្នើខុសៗគ្នាចំនួន ៣ ដើម្បីធ្វើឱ្យច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់សហគមន៍នេះមានភាពស្របច្បាប់ ហើយទីបំផុតពួកគេក៏សម្រេចឯកភាពជាមួយលិខិតស្នើទាំង ៣ នេះ។ ក្រុមអ្នកគាំទ្រសិទិ្ធអ្នកស្រឡាញ់ភេទដូចគ្នារាប់រយនាក់ បានប្រមូលផ្តុំគ្នាទាំងនៅហាលភ្លៀងនៅខាងក្រៅអាគារសភាក្នុងទីក្រុងតៃប៉ិ ដើម្បីរង់ចាំការសម្រេចចិត្តដ៏សំខាន់នេះ។ ហើយក៏មានសម្រែកស្រែកយំ និងការឱបគ្នាពោរពេញដោយទឹកភ្នែកនៃភាពរីករាយ បន្ទាប់ពីបានស្តាប់ឮនូវលទ្ធផលដែលពួកគេបានទន្ទឹងរង់ចាំជាយូរមកហើយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC