បច្ចេកវិទ្យា May 21, 2019 lyda
សហរដ្ឋអាមេរិកពន្យាពេលឱ្យក្រុមហ៊ុន Huawei រយៈពេល ៩០ថ្ងៃទៀត មុនការអនុវត្តឱ្យមានការហាមឃាត់ជាផ្លូវការណ៍

កាលពីថ្ងៃចន្ទ ទី២០ សហរដ្ឋអាមេរិកបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន ដែលពួកគេបានដាក់កាលពីសប្តាហ៍មុនទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ។ វាជាការវិលថយក្រោយមួយ ដែលច្បាប់តម្រូវឱ្យមានការហាមឃាត់លើឧបករណ៍របស់ក្រុមហ៊ុន Huawei ក្នុងសហរដ្ឋអាមេរិកត្រូវបានពន្យាពេល ហើយនឹងមានប្រសិទ្ធភាពជាផ្លូវការណ៍ក្រោយរយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃចន្ទនេះតទៅ។

ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកលែងជាបណ្តោះអាសន្ននឹងអនុញ្ញាតឱ្យមានការចូលរួមក្នុងវិស័យប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei ទាក់ទងនឹងការនាំចេញ  និងការផ្ទេរទំនិញ។ លោក Wilbur Ross រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាមេរិកបានថ្លែងថា៖ «អាជ្ញាប័ណ្ណនេះនឹងអនុញ្ញាតឱ្យមានប្រតិបត្តិការបន្ត សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Huawei ដែលមានស្រាប់ និងបណ្តាញអ៊ីនធឺណិតនៅតាមតំបន់ជនបទ»៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN