បច្ចេកវិទ្យា May 21, 2019 Khmernote
Huawei បានត្រៀមផ្លូវក្រោយសម្រាប់ខ្លួនឯង តាំងពី៧ឆ្នាំមុនមកម្ល៉េះ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនគឺក្រុមហ៊ុន Huawei បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនខ្លួនបានធ្វើការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការណ៍របស់ខ្លួន ដើម្បីប្រើប្រាស់ជំនួស ប្រព័ន្ធដំណើរការទូរស័ព្ទ Android របស់ក្រុមហ៊ុន Google ​និង Windows របស់ក្រុមហ៊ុន Microsoft ​រួចហើយ ក្នុងករណីដែលក្រុមហ៊ុនត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនអាមេរិកទាំងនេះ។

បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា ការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការណ៍ផ្ទាល់ខ្លួននេះ គឺជាផែនការទី ២ របស់ក្រុមហ៊ុន ខណៈដែលផែនការទី១ គឺក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងតវ៉ាទៅកាន់រដ្ឋាភិបាលអាមេរិកហើយ ចំពោះការរារាំងមិនឲ្យទូរស័ព្ទ Huawei អាចប្រើប្រាស់បាននូវផលិតផលរបស់ក្រុមហ៊ុនអាមេរិកនេះ។ យ៉ាងណាក្តី ក្រុមហ៊ុន Huawei មិនបានបញ្ជាក់ទេថា ការប្ដឹងតវ៉ាអាចនឹងមានប្រសិទ្ធភាពប៉ុនណា  ហើយប្រព័ន្ធប្រតិបត្តិការណ៍ថ្មីរបស់ខ្លួនមានវិសាលភាពយ៉ាងណានោះ។ សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Huawei បានបង្ហាញថា ការពិតក្រុមហ៊ុនបានព្យាយាមផលិតប្រព័ន្ធប្រតិបត្តិការណ៍របស់ខ្លួនតាំងពីឆ្នាំ ២០១២ មកម្លះ តែរហូតមកទល់នឹងពេលនេះវានូវមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ businessinsider