បច្ចេកវិទ្យា May 21, 2019 lyda
«ហុងម៉េង» ជាឈ្មោះប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនរបស់ Huawei បន្ទាប់ពីក្រុមហ៊ុនបានទាយដឹងជាមុនថា អាមេរិកនឹងដាក់សម្ពាធមកលើខ្លួន

កាលពីខែមីនា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei លោក Richard Yu ធ្លាប់បានប្រាប់ថា ក្រុមហ៊ុនបានបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនរួចហើយ ក្នុងករណីដែលពួកគេអាចនឹងប្រឈមមុខជាមួយនឹងសហរដ្ឋអាមេរិក។ ហើយពួកគេក៏បានដាក់ឈ្មោះឱ្យប្រព័ន្ធប្រតិបត្តិការថ្មីផ្ទាល់ខ្លួននេះរួចរាល់ហើយដែរ។ យោងតាមប្រភពព័ត៌មានពីប្រទេសចិនដែលប្រាប់ HuaweiCentral បានឱ្យដឹងថា ក្រុមហ៊ុន Huawei បានបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដែលមានឈ្មោះថា «ហុងម៉េង» ដែលពួកគេបានអភិវឌ្ឍយ៉ាងសកម្មចាប់តាំងពី ឆ្នាំ២០១២ ។ ប្រភពដដែលក៏បានប្រាប់ផងដែរថា ក្រុមហ៊ុនក៏កំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនេះនៅលើទូរស័ព្ទដៃរបស់ខ្លួនយ៉ាងអាថ៌កំបាំងផងដែរ។

ថ្វីបើប្រភពមួយនោះមិនបានបញ្ជាក់ថា វាគឺជាឈ្មោះពិត ឬគ្រាន់តែជាឈ្មោះកូដនៃប្រព័ន្ធប្រតិបត្តិការ ប៉ុន្តែពួកគេបានបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការនេះគឺនឹងមានឈ្មោះទាក់ទងនឹងពាក្យ «ហុងម៉េង» នេះ។ បច្ចុប្បន្ននេះក្រុមហ៊ុន Huawei មិនទាន់បានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបានរំពឹងទុកជាមុនរួចទៅហើយនូវការផ្អាកការគាំទ្រប្រព័ន្ធប្រតិបត្តិការ Android របស់ Google ខណៈពួកគេកំពុងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ជំនួសឱ្យ Android ។

កាលពីថ្ងៃអាទិត្យរបាយការណ៍ក៏បានឱ្យដឹងថា ក្រុមហ៊ុន Google បានដកចេញនូវការគាំទ្រប្រព័ន្ធប្រតិបត្តិការ Android OS របស់ខ្លួនពីឧបករណ៍របស់ក្រុមហ៊ុន Huawei ដែលបញ្ហានេះវាបានធ្វើឱ្យអ្នកប្រើប្រាស់ឧបករណ៍ Huawei មានការព្រួយបារម្ភអំពីអ្វីដែលនឹងកើតមានចំពោះស្មាតហ្វូនរបស់ពួកគេនៅថ្ងៃខាងមុខ បន្ទាប់ពីលោក Donald Trump បានដាក់ ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក ដែលនេះជាមូលហេតុដែល Google ដកចេញនូវការគាំទ្រប្រព័ន្ធប្រតិបត្តិការពីក្រុមហ៊ុន Huawei ៕

អត្ថបទ៖ លីដា
ប្រភព៖ huaweicentral