បច្ចេកវិទ្យា May 22, 2019 Khmernote
ប្រតិបត្តិការ “ហុងម៉េង” របស់ Huawei នឹងបង្ហាញខ្លួន លឿនបំផុតចុងឆ្នាំនេះ ហើយយូរបំផុតដើមឆ្នាំក្រោយ

ក្រោយកើតមានជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ហើយឈានដល់ការផ្តាច់ទំនាក់ទំនងរវាង Google និង Huawei នោះ ក្រុមហ៊ុនស្មាតហ្វូនដ៏ធំរបស់ចិនមួយក៏បានបញ្ជាក់ផងដែរថា ខ្លួនបានត្រៀមផ្លូវក្រោយរួចជាស្រេចតាំងពី៧ឆ្នាំមុន ដោយធ្វើការសម្រិតសម្រាំងផលិតប្រព័ន្ធប្រតិបត្តិការខ្លួនឯង ដែលមានឈ្មោះថា “Hongmeng” OS។

យោងតាមការបញ្ជាក់ពីនាយកប្រតិបត្តិអាជីវកម្ម Huawei លោក Yu Chengdong បានឲ្យដឹងថា ប្រតិបត្តិការដែលក្រុមហ៊ុន Huawei ខំប្រឹងផលិតនោះនឹងដាក់ឲ្យដំណើរការលឿនបំផុតនៅរដូវស្លឹកឈើជ្រុះខាងមុខឆាប់នេះ (ចន្លោះពីខែកញ្ញា ដល់ ខែធ្នូ) ហើយបើអាចយូរបំផុតត្រឹមនិទាឃរដូវនៅឆ្នាំក្រោយ (ចន្លោះពីខែមិនា ដល់ខែ មិថុនា) ប៉ុណ្ណោះ ហើយប្រតិបត្តិការថ្មីនេះអាចទ្រទ្រង់បានគ្រប់ផលិតផលទាំងអស់របស់ Huawei ទាំងទូរស័ព្ទ Tablet ទូរទស្សន៍ និង នាឡិកាផងដែរ។

ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Huawei នេះផងដែរ ក៏អាចប្រើប្រាស់គ្រប់កម្មវិធីទាំងអស់របស់ Android បានដែរ។ Huawei ក៏បានបញ្ជាក់ផងដែរថា ប្រតិបត្តិការថ្មីនេះ នឹងមានទម្រង់ខុសប្លែកពីប្រតិបត្តិការរបស់ Android នាពេលបច្ចុប្បន្ន ប៉ុន្តែវានៅមានបញ្ហាខ្លះ ដែលខាងក្រុមហ៊ុនត្រូវធ្វើការអភិវឌ្ឍន៍បន្ថែមនៅលើ “Hongmeng” OS នោះ ដូច្នេះយើងត្រូវរងចាំបន្តិចសិន៕

អត្ថបទ៖ ឌី
ប្រភព៖ huaweicentral