បច្ចេកវិទ្យា June 6, 2019 lyda
ចូលអាមេរិកមិនចុះ Huawei ងាកមកដំឡើងបណ្តាញ 5G ក្នុងប្រទេសរុស្ស៊ីវិញ

ក្រុមហ៊ុន Huawei របស់ចិន ដែលត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថា ជាការគំរាមកំហែងផ្នែកសន្តិសុខរបស់ប្រទេស កាលពីថ្ងៃពុធ ទី៥ ខែមិថុនា ម្សិលមិញនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនទូរគមនាគមន៍ MTS ដើម្បីអភិវឌ្ឍន៍បណ្តាញ 5G នៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំក្រោយនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅខាងក្រៅកិច្ចប្រជុំរវាងមេដឹកនាំចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងទីក្រុងម៉ូស្គូ។

ក្រុមហ៊ុន MTS បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះនឹងបង្ហាញពី «ការអភិវឌ្ឍបច្ចេកវិទ្យា 5G និងការចាប់ផ្តើមសាកល្បងនៃបណ្តាញជំនាន់ ទី៥ ឆ្នាំ២០១៩-២០២០»។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលលោក Guo Ping តំណាងឱ្យក្រុមហ៊ុន Huawei បានថ្លែងថា លោកមានការសប្បាយរីករាយជាមួយនឹងកិច្ចព្រមព្រៀង «នៅក្នុងតំបន់នៃយុទ្ធសាស្ត្រ សំខាន់ដូចនឹង 5G» ។ ក្រុមហ៊ុនទូរគមនាគមន៍ចិនបានធ្លាក់ចូលក្នុងភាពចលាចលចាប់តាំងពី ខែឧសភា នៅពេលដែលរដ្ឋបាលរបស់លោក Trump បានហាមឃាត់ក្រុមហ៊ុនអាមេរិកទាំងអស់ មិនឱ្យលក់ឧបករណ៍បច្ចេកវិទ្យាខ្ពស់ទៅឱ្យក្រុមហ៊ុន Huawei ពីបទសង្ស័យថា Huawei កំពុងធ្វើចារកម្មឱ្យទីក្រុងប៉េកាំង។

ក្រុមហ៊ុនមួយចំនួនរបស់អាមេរិកបានដកខ្លួនរួចទៅហើយពីក្រុមហ៊ុន Huawei រួមទាំងក្រុមហ៊ុន Google ជាម្ចាស់នៃប្រព័ន្ធ Android ដែលជាប្រព័ន្ធប្រតិបត្តិការបំពាក់លើឧបករណ៍ស្មាតហ្វូនភាគច្រើននៅក្នុងពិភពលោកនេះ។ ពាក់ព័ន្ធនឹងសក្តានុពលរបស់ក្រុមហ៊ុន Huawei នៅក្នុងបណ្តាញ 5G របស់ចក្រភពអង់គ្លេស បានបង្ហាញពីភាពទន់ខ្សោយផ្នែកនយោបាយ ហើយរដ្ឋាភិបាលរបស់លោកស្រី Theresa May បានទទូចថា គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើនោះទេលើបញ្ហានេះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ CNA