បច្ចេកវិទ្យា June 6, 2019 Khmernote
ឡូយតែម្តង! iOS 13 នឹងមានក្តារចុចខ្មែរមកស្រាប់តែម្តង មិនបាច់តម្លើងក្រៅទៀតទេ

នៅឯសន្និសិទអ្នកអភិវឌ្ឍន៍នៅទូទាំងពិភពលោក WWDC ឆ្នាំ2019 របស់ក្រុមហ៊ុន Apple ពួកគេបានបង្ហាញប្រព័ន្ធប្រតិបត្តិការ iOS 13 ថ្មី ដែលជាការអាប់ដេតថ្មី សម្រាប់ស្មាតហ្វូន iPhone ។ លក្ខណៈពិសេស (feature) តួចៗជាច្រើន ក៏ដូចជាលក្ខណៈពិសេសធំៗប្រហែល 1 ឬ 2 ក៏ត្រូវបានបង្ហាញនៅឯសន្និសិទ WWDC នេះផងដែរ។ គួរឱ្យដឹងផងដែរថា OS របស់ឧបករណ៍ Apple គឺបានផ្តាច់ចេញពីគ្នាហើយពេលនេះ ដោយ OS សម្រាប់ឧបករណ៍ iPad ត្រូវបានគេឱ្យឈ្មោះថា iPadOS ហើយ OS សម្រាប់ iPhone គឺនៅតែ iOS ដដែល។

ក្រឡេកមកមើលការអាប់ដេតលើកនេះវិញ ក្រុមហ៊ុន Apple ហាក់បានប្រឹងប្រែងធ្វើឱ្យលក្ខណៈពិសេស ដែលមាននៅលើ OS របស់ខ្លួនកាន់តែមានភាពប្រសើរជាងមុន។ ថ្វីបើមុខងារខ្លះនៅក្នុង iOS 13 ជាមុខងារថ្មីសន្លាងសម្រាប់អ្នកប្រើប្រាស់ iPhone ក៏ប្រព័ន្ធប្រតិបត្តិការ Android វាមានមុខងារទាំងនេះប្រើមុនអស់រួចទៅហើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតគឺថា ក្រៅពីមុខងារ Swipe Keyboard, Dark Mode និង Reminder ថ្មី Apple បានសម្រេចដាក់បញ្ជូលនូវក្តារចុចភាសា (language keyboards) រហូតដល់ទៅ 38ភាសា បន្ថែមទៀត ដែលក្នុងនោះក៏មាន «ភាសាខ្មែរ» របស់យើងផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Apple