បច្ចេកវិទ្យា June 10, 2019 Khmernote
Google ចង់ជួយ Huawei ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក

ក្រុមហ៊ុន Google បានព្រមានថា ប្រសិនបើរដ្ឋបាលអាមេរិកនៅតែបន្តធ្វើការហាមឃាត់លើផលិតផល Huawei វានឹងជំរុញឲ្យមានការប៉ះពាល់ដល់សន្តិសុខជាតិជាមិនខាន។ នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Google ជាច្រើនរូបក៏បានស្នើឲ្យមន្ត្រីអាមេរិកជួយសម្របសម្រួលលើកលែងការហាមឃាត់នេះដោយគ្មានការអនុម័តពីរដ្ឋាភិបាលអាមេរិកផងដែរ។ តាមការលើកឡើងរបស់ក្រុមហ៊ុន Google បានព្រមានថា ការហាមឃាត់នេះគឺបានដាក់សម្ពាធដល់ក្រុមហ៊ុនបច្ចេកវិទ្យាចិនយ៉ាងខ្លាំងក្នុងរយៈពេលខ្លី ដែលសម្ពាធនេះនឹងជំរុញឲ្យ Huawei ខិតខំបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ផ្ទាល់ខ្លួនដើម្បីប្រជែងនឹងក្រុមហ៊ុនអាមេរិក ហើយក្នុងរយៈពេលវែងទៅមុខនៅពេលដែល Huawei មានប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនវាអាចនឹងមានឥទ្ធិពលលុបលើក្រុមហ៊ុនអាមេរិក ដូចជាក្រុមហ៊ុន Google ជាដើម។

ក្រុមហ៊ុន Google បានបន្តថា បច្ចុប្បន្នមានអ្នកប្រើប្រាស់ទូរស័ព្ទ Huawei រាប់លានគ្រឿងនៅជុំវិញពិភពលោក រួមទាំងនៅក្នុងសហរដ្ឋអាមេរិកផងដែរ ដូចនេះប្រសិនបើនៅពេល Huawei មានប្រតិបត្តិការណ៍ផ្ទាល់ខ្លួន ពួកគេនឹងឈប់ប្រើប្រព័ន្ធប្រតិបត្តិការណ៍របស់ Google ដែលធ្វើឲ្យឥទ្ធិពលរបស់ Google ត្រូវចុះខ្សោយ ហើយគេរំពឹងថា ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីរបស់ Huawei​ នោះនឹងប្រឈមនឹងការ Hack នៅពេលវាដំណើរការក្នុងដំណាក់កាលដំបូង ហើយការ Hack នោះ ក៏អាចប៉ះពាល់ដល់សន្តិសុខជាតិអាមេរិកផងដែរ៕

អត្ថបទ៖ភក្តី

ប្រភព៖huaweicentral