សង្គម June 8, 2019 Khmernote
កូនខ្មែរមួយរូបទៀតហើយ ជាប់អាហារូបករណ៍រៀននៅបណ្ឌិតសភាកងទ័ពអាកាសសហរដ្ឋអាមេរិក នៅខែក្រោយនេះ

យោងតាមការបង្ហោះរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា យុវជនកម្ពុជាមួយរូបឈ្មោះ នូ ច័ន្ទយុទ្ធា ដែលបានបញ្ចប់ការសិក្សាថា្នក់ទី១២ ទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលអាមេរិក ទៅសិក្សានៅសាលាបណ្ឌិត សភាយោធាសហរដ្ឋអាមេរិក រយៈពេល៤ឆ្នាំ លើមុខជំនាញវិស្វកម្មយន្តហោះ ក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ។ ដោយកាលពីថ្ងៃទី០៦ ខែមិថុនា ស្ថានទូតបានរៀបចំពិធីជូនដំណើរសិស្សសាលាបណ្ឌិតសភាយោធា ឈ្មោះ នូ ច័ន្ទយុទ្ធា ដែលត្រូវធ្វើដំណើរទៅចូលរៀននៅបណ្ឌិតសភាកងទ័ពអាកាសសហរដ្ឋអាមេរិក នៅខែក្រោយ។

ក្នុងនោះស្ថានទូតក៏បានប្រកាសបន្ថែមទៀតថា ការិយាល័យសហប្រតិបត្តិការយោធា ក្នុងស្ថានទូតអាមេរិកនៅកម្ពុជា មានសេចក្តីរីករាយ សូមអញ្ជើញយុវជនកម្ពុជា ចូលរួមប្រលងដើម្បីចូលរៀន នៅសាលាបណ្ឌិត សភាយោធាសហរដ្ឋអាមេរិក (បណ្ឌិតសភាយោធានៅ West Point បណ្ឌិតសភាកងទ័ពជើងទឹកនៅ Annapolis បណ្ឌិតសភាយោធាកងទ័ពអាកាសនៅ Colorado Springs និងបណ្ឌិតសភាឆ្មាំការពារឆ្នេរសមុទ្រ នៅ New London) សំរាប់ថ្នាក់ជំនាន់ឆ្នាំ២០២៤ ចំពោះសិស្សដែលចូលបណ្ឌិតសភា នៅខែកក្កដា ឆ្នាំ២០២០។ សារនេះជួយប្រាប់អោយបេក្ខជនដែលមានការចាប់អារម្មណ៍ត្រៀមខ្លួន។ អានបន្ថែម​ និងដាក់ពាក្យតាមរយៈតំណរភ្ជាប់ kh.usembassy.gov

ដោយ៖ ណារ៉ែន