បច្ចេកវិទ្យា June 10, 2019 lyda
Huawei នឹងមានឈ្មោះប្រព័ន្ធប្រតិបត្តិការផ្សេងមួយទៀត សម្រាប់ទីផ្សារអន្តរជាតិរបស់ខ្លួន

ប៉ុន្មានសប្តាហ៍ក្រោយពីការបង្ហាញឈ្មោះប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Huawei ដែលមានឈ្មោះថា «ហុងម៉េង» កាសែត Global Times របស់ចិនបានអះអាងក្នុងរបាយការណ៍ថ្មីថា Huawei នឹងមានឈ្មោះផ្សេងមួយទៀតសម្រាប់ទីផ្សារអន្តរជាតិ។ យោងតាមប្រភពដដែលបានឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Huawei សម្រាប់ទីផ្សារអន្តរជាតិនឹងត្រូវបានគេស្គាល់ឈ្មោះថា «Oak OS»។ លើសពីនេះទៅទៀតក្រុមហ៊ុន Huawei ក៏កំពុងតែសាកល្បងប្រព័ន្ធប្រតិបត្តិការនេះ ហើយទំនងជានឹងចាប់ផ្តើមចេញឱ្យប្រើប្រាស់នៅខែសីហា ឬកញ្ញា។

លោក Richard Yu នាយកប្រតិបត្តិនៃអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei ក៏ធ្លាប់បាននិយាយជាមួយកាសែត CNBC ថាប្រតិបត្តិការទូរស័ព្ទផ្ទាល់ខ្លួនរបស់ពួកគេនឹងរួចរាល់សម្រាប់ទូរស័ព្ទ និងថេប្លេត នៅក្នុងប្រទេសចិននារដូវក្ដៅនេះ ខណៈដែលកំណែអន្តរជាតិអាចរួចរាល់នៅត្រីមាស ទី១ ឬទី២ នៅឆ្នាំក្រោយ។ ការអភិវឌ្ឍន៍ថ្មីៗអាចជំរុញឱ្យក្រុមហ៊ុន Huawei ពន្លឿនផែនការរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ asiaone