ព័ត៌មានជាតិ June 10, 2019 Khmernote
ស្ត្រីស្អាតរូបស្រស់ ដែលបាញ់ព្រះសង្ឃដល់កុដិ ព្រោះខឹងរឿងស្រោចទឹកហើយយីអ៊ុនដាក់ ពេលនេះត្រូវកាត់ទោសជាប់ចោទពីបទប៉ុនប៉ងឃាតកម្ម

បន្ទាប់ពីធ្វើការស៊ើបសួរចប់ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសម្រេចចិត្តចោទប្រកាន់លើស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់ សំណុំរឿងនេះក៏នឹងត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរជាបន្ត។

<

គួររំលឹកថាហេតុការណ៍បាញ់បោះនេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រលប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកុដិលេខ ២៣ វត្តសារាវ័ន្ត ផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនបង្កមានឈ្មោះ ផាន ស្រីលីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចំណែកជនរងគ្រោះឈ្មោះសឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ គង់នៅកុដិលេខ២៣ ក្នុងវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនបង្កបានទៅកុដិកើតហេតុ ដើម្បីជួបជនរងគ្រោះរឿងស្រោចទឹកហើយធ្វើឲ្យយីអ៊ុនដាក់ រកស៊ីមិនឡើង និងដេកមិនលក់ ដោយមានអារម្មណ៍ដូចត្រូវអំពើ ដែលស្រោចទឹកតាំងពីអំឡុងពាក់កណ្តាលឆ្នាំ២០១៧នោះ ជនបង្កក៏ខឹង ហើយដកកាំភ្លើងខ្លីបាញ់ចំនួន០២គ្រាប់ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ រួចក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនៅក្បែរនោះ បន្ទាប់មកក៏ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនបង្កតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានសារភាពថា អាវុធខ្លីខាងលើខ្លួនបានទិញក្នុងតម្លៃ ១,៥០០ដុល្លារ នៅប្រទេសថៃ កាលពីដើមខែមេសា ឆ្នាំ២០១៩ ថ្មីៗនេះ ហើយខ្លួនពិតជាបានបាញ់ប្រហារមែន៕


ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត
ដោយ៖ ណារ៉ែន