សេដ្ឋកិច្ច June 11, 2019 Liny Chan
      ទម្លាប់ប្រចាំថ្ងៃដ៏សាមញ្ញបំផុត ដែលធ្វើឲ្យមហាសដ្ឋី Jeff Bezos ទទួលបានជោគជ័យក្នុងជីវិត

      មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក Jeff Bezos ដែលត្រូវបានគេស្គាល់ថាជាបុរសដែលមានបំផុតក្នុងប្រវត្តិសាស្រ្តសម័យទំនើប ហើយជានាយកប្រតិបត្តិក្រុមហ៊ុន Amazon និងជាស្ថាបនិកនៃក្រុមហ៊ុន Blue Origin បានបង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់លោកដែលអាចជំរុញ ឲ្យលោកទទួលបានជោគជ័យមកទល់សព្វថ្ងៃ និងអាចគ្រប់គ្រងការងារជាច្រើនបានយ៉ាងល្អ ប្រកបដោយការទទួលខុសត្រូវ។ វាអាចជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយអំពី​លោក Jeff Bezos ដែលគាត់មិនបង្ខំ និងប្រញាប់ប្រញាល់ក្នុងការសម្រេចគោលដៅរបស់លោកទេ ផ្ទុយទៅវិញលោកត្រូវការពេលសម្រាក និងធ្វើការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្ន​ ជាមួយនឹងទម្លាប់ជាប្រចាំថ្ងៃដូចជា៖

      ១​.​ក្រោកពីព្រលឹម៖ នៅក្នុងចំណោមមហាសេដ្ឋី និងបុគ្គលល្បីៗ ជាច្រើនដែលមានទម្លាប់ក្រោកពីព្រឹកព្រលឹម ដើម្បីចាប់ផ្ដើមថ្ងៃថ្មីរបស់ពួកគេ ជាមួយគ្នានេះទម្លាប់របស់លោក Jeff Bezos គឺចូលគេងឲ្យបានឆាប់បំផុត ហើយក្រោកពីព្រលឹម ដែលជាទម្លាប់ដ៏សាមញ្ញមួយ និងជាផ្នែកធ្វើឲ្យលោកទទួលបានជោគជ័យ។

      ២.ចំណាយពេលញ៉ាំអាហារពេលព្រឹកជាមួយគ្រួសារ៖ ជារៀងរាល់ព្រឹកលោកតែងតែចំណាយពេលញ៉ាំអាហារពេលព្រឹកជួបជុំគ្រួសារ អានកាសែត ទទួលទានកាហ្វេ ជាមួយនឹងកូនៗរបស់លោកមុនពេលដែលពួកគេទៅសាលា ដែលជាពេលវេលាដ៏មានតម្លៃបំផុតសម្រាប់លោក។ លើសពីនេះទៅទៀត លោកតែងតែសម្អាតចានជាញឹកញាប់បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ដែលលោកគិតថាជាទំនួលខុសត្រូវមួយដែលលោកគួរតែចាប់ផ្ដើម។

      ៣.ចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំដ៏សំខាន់បំផុត​៖​ នៅពេលដែលលោកត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើអាជីវកម្ម លោកផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើក្រុមហ៊ុនរបស់ខ្លួន ជាពិសេសទៅលើកិច្ចប្រជុំ ដោយលោកតែងតែជ្រើសរើសពេលវេលាសម្រាប់កិច្ចប្រជុំសំខាន់ៗ មុនពេលអាហារថ្ងៃត្រង់ ព្រោះជាពេលដែលខួរក្បាលដំណើរការបានល្អ និងមានថាមពលគ្រប់គ្រាន់។

      ៤.កំណត់ចំណុចណាមួយនៅពេលអស់កម្លាំង ៖ នៅពេលដែលលោកអស់កម្លាំង លោកមិនអាចសម្រេចចិត្តក្នុងការធ្វើកិច្ចការអ្វីមួយឡើយ ដូច្នេះលោកតែងតេបញ្ជៀសរាល់ការសម្រេចចិត្តទាំងអស់ ដើម្បីជៀសវាងការសម្រចចិត្តមិនបានត្រឹមត្រូវ ព្រោះលោកគិតថាការសម្រេចចិត្តនូវអ្វីដែលពិបាក និងកាន់តែពិបាកជាងមុនទៅទៀតនៅពេលដែលយើងអស់កម្លាំង។

      ៥. ការគេងបានគ្រប់គ្រាន់៖ ខណៈពេលដែលមនុស្សជាច្រើន ខិតខំចំណាយពេលជាច្រើនដើម្បីសម្រេចបានភាពជោគជ័យ តែសម្រាប់លោកការគេងមិនបានគ្រប់គ្រាន់មិនបានជាវិធីល្អ ដើម្បីសម្រេចបានគោលដៅនោះទេ​ ដោយក្នុងមួយថ្ងៃលោកត្រូវប្រាកដថាអាចគេងបា ៨ម៉ោង ដែលអាចធ្វើឲ្យលោកមានថាមពលកាន់តែច្រើន ជាពិសេសអារម្មណ៍កាន់តែប្រសើរឡើងសម្រាប់ធ្វើរឿងជាច្រើននៅថ្ងៃស្អែក៕​

      អត្ថបទ៖ លីនី
      ប្រភព៖ cnbc