សង្គម June 11, 2019 Khmernote
គ្មានទៀតទេយកកុមារាកុមារី ធ្វើការដោះបំណុល ឬរកប្រាក់ នៅសិប្បកម្មផលិតឥដ្ឋ ក្រោយក្រសួងការងារចេញសេចក្តីប្រកាសមួយនេះ

យោងតាមសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបង្ហោះប្រកាសកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បានធ្វើការណែនាំ “ស្តីពីការហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្មនៃសិប្បកម្មផលិតឥដ្ឋ”។ ដើម្បីបញ្ចៀសនូវឧបទ្ទវហេតុ ដែលអាចកើតមានជាយថាហេតុចំពោះក្មេង នៅក្នុងសិប្បកម្មផលិតឥដ្ឋ ក្រសួងការងារ  សូមឲ្យលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ទាំងអស់ ចុះធ្វើការណែនាំដល់ម្ចាស់ ឬនាយកសិប្បកម្មផលិតឥដ្ឋនៅមូលដ្ឋានរបស់ខ្លួនអនុវត្ត៥ចំណុចដូចខាងក្រោម៖

១៖ រៀបចំដាក់ស្លាកសញ្ញាធំៗ និងងាយមើលឃើញ ដូចជា ហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម, ជនណាដែលនៅក្មេងចូលទៅក្នុងបរិវេណ ខ្សែសង្វាក់ផលិតកម្ម អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ, ការប្រើប្រាស់ពលកម្មកុមារនៅសិប្បកម្មផលិតឥដ្ឋ គឺអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។

២៖ ហាមឃាត់ដាច់ខាតការប្រើប្រាស់ទាសភាពបំណុល ដើម្បីដាក់បន្ទុកសេរីភាពការងារកម្មករ។

៣៖ ត្រូវមានអ្នកឃ្លាំមើលជាប្រចាំ និងហាមក្មេងចូលក្នុងបរិវេណខ្សែសង្វាក់ផលិតកម្ម ឬធ្វើការនៅក្នុងសិប្បកម្មផលិតឥដ្ឋ។

៤៖ ត្រូវរៀបចំកន្លែងស្នាក់នៅឲ្យឃ្លាតឆ្ងាយពីខ្សែសង្វាក់ផលិតកម្ម និងត្រូវមានរបងការពារសុវត្ថិភាពដែលខណ្ឌចែកបរិវេណ ខ្សែសង្វាក់ផលិតកម្ម និងកន្លែងស្នាក់នៅ។

៥៖ ហាមឃាត់ដាច់ខាតរាល់ទម្រង់ នៃការកេងប្រវ័ញ្ចពលកម្មលើកុមារ និងការបង្ខំឲ្យកុមារធ្វើការដើម្បីដោះបំណុល៕

រូបតំណាង៖ Credit to អង្គការលីកាដូ
អត្ថបទ​៖ ណារ៉ែន