ព័ត៌មានជាតិ June 11, 2019 Khmernote
គិតតែដើរផឹកស៊ីមិនជួយធ្វើការ ប្រពន្ធខឹងចាក់សាំងដុតប្តីទាំងរស់តែម្តង

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខឹង​ប្តី​មិន​ប្រឹង​ជួយ​ធ្វើការ ឧស្សាហ៍​យកលុយ​ទៅ​ផឹកស៊ី បាន​បង្ហូរ​សាំង​ពី​ម៉ូតូ​ដាក់​ដប​យកទៅ​ស្រោច​ពីលើ រួច​ដុត​បណ្តាល​ឲ្យ​ឆេះ​រងរបួស​ធ្ងន់ ខណៈ​បុរស​ជា​ប្តី​កំពុង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ។​​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​២០​នាទី ត្រង់ចំណុច​រោងស្នាក់នៅ ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​ឈ្មោះ ដែន វីរៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មក​សំណង់ ស្នាក់នៅ​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំណែក ជនដៃដល់​ត្រូវជា​ប្រពន្ធ​ឈ្មោះ រ៉​ន សុភា ហៅ ធារ៉ា ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​នាំខ្លួន​ស្ត្រី​ជា​ប្រពន្ធ​យកមក​សាកសួរ ។​

​វត្ថុតាង​ចាប់យកៈ ដប​ទឹក​សុទ្ធ​ដាក់​សាំង​ចំនួន​០១ និង​ដែកកេះ​ពណ៌​ស្វាយ​ចំនួន​០១ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនដៃដល់​បាន​សារភាពថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​អំពើ​ខាងលើ​ប្រាកដ​មែន ដោយសារ​បុរស​ជា​ប្តី​តែងតែ​យកលុយ​ដែល​ធ្វើការ​បាន​ទៅ​ផឹកស៊ី និង​ទិញ​ថ្នាំញៀន​ជក់ ព្រមទាំង​ប្រើ​អំពើហិង្សា​មកលើ​ខ្លួន និង​ឪពុក​បង្កើត​របស់ខ្លួន​ទៀតផង ហើយ​ពេល​ជនសង្ស័យ​និយាយ​ណែនាំ កុំអោយ​ជក់​ថ្នាំញៀន ជនរងគ្រោះ​មិន​ស្តាប់​តាម​ឡើយ ហើយ​បាន​ដើរ​ផឹកស៊ី​មិន​ចូល​កន្លែងដេក ។ ពេល​គាត់​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច ជនរងគ្រោះ​បាន​យក​ខោអាវ​ទៅ​ដេក​កន្លែង​ផ្សេង ទើប​ធ្វើ​ឲ្យ​ខ្លួន​ធ្វើបែបនេះ​តែម្តង ។​ ​ករណីនេះ កម្លាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ