សេដ្ឋកិច្ច June 11, 2019 Khmernote
      អាជីវករ ផ្សារសុវណ្ណាត្រៀមរៀបបង្វិចរើចេញ ខណៈផ្សារល្បីឈ្មោះជាង១០ឆ្នាំនេះ នឹងត្រូវផ្អាកដំណើរការនៅចុងខែសីហា

      សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានការប្រែប្រួល កំណើនអ្នកវិនិយោគកាន់តែច្រើន បូករួមប្រទេសយើងជាប្រទេសដែលមានទីផ្សារសេរី បើកទូលាយក្នុងការប្រកួតប្រជែងផងនោះ ធ្វើអោយអាជីវកម្មមួយចំនួន មានការធ្លាក់ចុះ ខណៈដែលអាជីវកម្មថ្មីៗមកក្រោយមានសន្ទុះយ៉ាងខ្លាំង ជាក់ស្តែងដូចផ្សារសុវណ្ណា នេះជាដើមនឹងធ្វើការផ្អាកដំណើរការនៅចុងខែសីហា នេះដោយគណៈគ្រប់គ្រងផ្សារ បាននិយាយថា ពួកគេនឹងធ្វើការកែលម្អផ្សារនេះឡើងវិញ។

      ស្របពេលដែលផ្សារទំនើបជាច្រើនកំពុងធ្វើការសាងសង់ជាបណ្តើរៗ ហើយផ្សារទំនើប Aeon របស់ជប៉ុនកំពុងតែមានសន្ទុះខ្លាំងផងដែរ ក្រុមហ៊ុន (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលកំពុងកាន់កាប់ផ្សារទំនើបល្បីៗជាច្រើន ប្រមាណ១០ឆ្នាំមកនេះ បានធ្វើការកំណែទម្រង់ និងកែលម្អសោភ័ណភាពផ្សារឡើងវិញ ដូចជាផ្សារទំនើបសូរិយាជាដើម ហើយថ្មីៗផ្សារទំនើបសុវណ្ណា ក៏ត្រៀមផ្អាកដំណើរការ ដើម្បីធ្វើការលម្អដូចគ្នា។

      ចំពោះការផ្អាកដំណើរការផ្សារទំនើបសុវណ្ណា នេះដែរ អាជីវករជាច្រើននៅក្នុងផ្សារទំនើបមួយនេះ ចាប់ផ្តើមប្រកាសលក់បញ្ចុះតំលៃទំនិញគ្រប់មុខ ដើម្បីលាងស្តុកមុនផ្សារត្រូវបានបិទទ្វារ ហើយអាជីវករ ទាំងអស់នោះក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះមុខរបររបស់ខ្លួន ដែលផ្ញើវាសនា នៅលើផ្សារនេះតែម្តង។ ទាក់ទិននឹងការផ្អាកដំណើរការផ្សារទំនើបល្បីឈ្មោះមួយនេះដែរ អាជីវករ ក៏បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មានការព្រួយបារម្ភជាខ្លាំង ប្រសិនបើផ្សារទំនើបមួយនេះ ត្រូវបានគេជួលបន្តអោយអ្នកវិនិយោគចិន ដូចពាក្យចរចាមអារាម ប៉ុន្តែទោះជាយ៉ាងណាក្តី យើងមិនទាន់ទទួលបានព័ត៌មានណាមួយពីការជួលបន្តផ្សារទំនើបសុវណ្ណា ទៅអោយវិនិយោគិនចិននោះទេ៕