ព័ត៌មានជាតិ June 11, 2019 Khmernote
នគរបាលពាក់ស័ក្តិ៣ ចាប់ពលរដ្ឋផាកពិន័យតែមិនចេញបង្កាន់ដៃ ត្រូវបានផ្អាកពីការងារជាបណ្ដោះអាសន្ន

កាលពីពេលថ្មីៗនេះមានករណីមន្ដ្រីនគរបាលពាក់ស័ក្តិ៣ឈ្មោះ សឹម ប៊ុនធឿន នៅខណ្ឌមានជ័យ បានចាប់ផាកពិន័យពលរដ្ឋ ព្រមទាំងមិនបានចេញបង្កាន់ដៃត្រឹមត្រូវ វីដេអូនោះត្រូវបានបែកធ្លាយមានអ្នកចូលមើល និងចែករំលែករាប់ម៉ឺននាក់ នៅលើបណ្តាញសង្គម ហើយទីតាំងចាប់ផាកពិន័យធ្វើឡើងនៅជិតផ្សារ ស្ទឹងមានជ័យថ្មី។

ក្រោយពីមានរឿងរ៉ាវបែបនេះលោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញលិខិតបង្គាប់ការផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក សឹម ប៊ុនធឿន តួនាទីនាយរងផ្នែកការពារ និងអន្ដរាគមន៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយមូលហេតុផាកពិន័យមិនត្រឹមត្រូវ មិនចេញបង្កាន់ដៃតាមការកំណត់។ នៅក្នុងលិខិតរបស់លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា មន្ដ្រីនគរបាលរូបនេះ ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី៕

ប្រភព៖ លោក ស៊ន សុភក្រ្ត