សេដ្ឋកិច្ច June 12, 2019 Liny Chan
      វិធីសាស្ត្រ៣យ៉ាង ដែលលោក Steve Jobs តែងតែប្រើនៅពេលលោកជាប់គាំង និងច្របូកច្របល់ក្នុងការបំផុសគំនិតថ្មីៗ

      លោក Steve Jobs ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញ និងអ្នកវិនិយោគដ៏ល្បីមួយរូបប្រចាំសហរដ្ឋអាមេរិក ហើយក៏ជាអតីតប្រធានអគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន Apple ផងដែរ។ លោក គឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកល្បីៗជាច្រើន ដែលគេចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែគ្រប់សំណួរទាំងអស់ លោកហាក់ដូចជាផ្ដល់ចម្លើយដ៏អស្ចារ្យជាច្រើន ទោះបីជាពេលខ្លះ​ការបំផុសគំនិតរបស់ខ្លួនធ្លាក់ដល់កម្រិតសូន្យក៏ដោយ។ ជាក់ស្ដែងនៅពេលដែលលោកជាប់គាំង ឬ ភាំងអារម្មណ៍នឹងរឿងអ្វីមួយ លោកតែងតែប្រើវិធី ៣​ យ៉ាងដើម្បីបង្កើតការគិតឡើងវិញដូចជា៖

      ១. គិតនៅពេលអ្នកដើរ៖ ជារឿយៗ លោក Steve Jobs តែងតែប្រើប្រាស់ថាមពលក្នុងការដើរ ដើម្បីជម្រះខួរក្បាលរបស់គាត់ពីរឿងដែលស្មុគស្មាញ និងបង្កើតគំនិតថ្មីៗ។ ជាពិសេសនៅពេលដែលលោកត្រូវការបង្កើតគំនិតដើម្បីច្នៃប្រឌិតផលិតផលថ្មីៗ លោកតែងតែចេញទៅក្រៅដើរលេងជាមួយមនុស្សមួយក្រុម ដែលវាជាវិធីសាស្រ្តមួយដ៏ល្អបំផុតសម្រាប់លោក។ យោងតាមការស្រាវជ្រាវរបស់ស្ទែនហ្វដបានឱ្យដឹងថា ការដើរអាចបង្កើនគំនិតប្រកបដោយភាពច្នៃប្រឌិតបាន ៦០% ដូច្នេះនៅពេលអ្នកស្ថិតក្នុងភាពច្របូកច្របល់សូមព្យាយាមបោះជំហានខាងក្រៅរយៈពេល ១០ ទៅ ១៥ នាទី ឬគ្រាន់តែដើរនៅជុំវិញការិយាល័យដើម្បីជំរុញគំនិតច្នៃប្រឌិតរបស់អ្នក។

      ២. ការតាំងសមាធិ៖ ការអនុវត្តន៍សមាធិរបស់លោក Steve Jobs បានលើកទឹកចិត្តដល់ការគិតប្រកបដោយការច្នៃប្រឌិតបំផុតរបស់គាត់រួមជាមួយនឹងអារម្មណ៍រឹងមាំនៃការយល់ចិត្តដែលបានបំផុសគំនិតរចនានៃផលិតផល Apple ដ៏ល្បីបំផុតរបស់លោក។ ទោះបីជាវាត្រូវការពេលបន្តិចមែន ប៉ុន្ដែការធ្វើសមាធិអាចធ្វើឱ្យជីវិតអ្នកកាន់តែប្រសើរឡើង ដូចលោកបាននិយាយថា ” វាជាវិន័យ អ្នកត្រូវអនុវត្តវា ” ។

      ៣. បង្កើតចំណាប់អារម្មណ៍ផ្សេងៗ​៖ ស្ដាប់ទៅអាចជាវិធីសាស្រ្តដ៏គួរឲ្យរំខានមួយ សម្រាប់ការបំផុសគំនិត ប៉ុន្តែលោកបានដាស់តឿនថា “ការច្នៃប្រឌិតគ្រាន់តែជាការតភ្ជាប់រឿង” ប៉ុណ្ណោះ។ លោកមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសាររៀនមុខវិជ្ជាដែលមិនទាក់ទងគ្នាពេញមួយជីវិតរបស់ខ្លួន។ គំនិតនៅពីក្រោយការអនុវត្តនេះ គឺអ្នកមិនអាចគិតបានល្អនោះទេ ប្រសិនបើអ្នកមិនចាកចេញពីចំនុចដែលអ្នកកំពុងតែឈរ។ ដូច្នេះចេញពីទម្លាប់ហើយអនុញ្ញាតឱ្យអ្នករកឃើញអ្វីដែលថ្មី សិក្សាមុខជំនួញខុសពីខ្លួនឯង ហើយអានសៀវភៅដែលអ្នកចាប់អារម្មណ៍សូម្បីតែវាមិនទាក់ទងជាមួយបញ្ហាបច្ចុប្បន្នរបស់អ្នកក៏ដោយ ព្រោះអ្នកមិនដែលដឹងថាតើប្រយោគមួយណាអាចបង្កើតគំនិតរបស់អ្នកបានទេ៕

      អត្ថបទ៖ លីនី
      ប្រភព៖ goalcast