បច្ចេកវិទ្យា June 12, 2019 Khmernote
iPhone XR 2 អាចជាទូរស័ព្ទ ដែលមានថ្មខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ iPhone

ក្រុមហ៊ុន Apple នឹងបញ្ចេញលក់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនគឺទូរស័ព្ទ iPhone XR 2 នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ដែលទូរស័ព្ទថ្មីនេះត្រូវបានគេរំពឹងទុកថា នឹងមានចំណុចពិសេសៗជាច្រើនបើធៀបទៅនឹងទូរស័ព្ទស៊េរីមុនៗ។​ ​យោងតាមការចុះផ្សាយរបស់សារព័ត៌មាន PHONEARENA បានឲ្យដឹងថា iPhone XR 2 នឹងមានអេក្រង់ទំហំ ៦,១ អ៊ីញ មានកាមេរ៉ាមុខ និងក្រោយទំហំ ១២ មេហ្គាភិចសែល ហើយចំណុចពិសេសគួរចាប់អារម្មណ៍បំផុតនោះគឺ​កម្លាំងថ្មរបស់វាតែម្តង។

iPhone XR 2 ត្រូវបានគេរាយការណ៍ថាមានកម្លាំងថ្ម ២៩៤២ mAh និងបើធៀបទៅនឹងទូរស័ព្ទ iPhone ស៊េរីមុនៗកម្លាំងថ្មនេះគឺមានការកើនឡើង ៥% ហើយ XR 2 រំពឹងថា នឹងប្រើប្រើបន្ទះឈីប A13 ដែលធ្វើឲ្យស្មាតហ្វូននេះមានកម្លាំងខ្លាំង ប៉ុន្តែស៊ីថាមពលថ្មតិចមែនទែន។

iPhone XR ជំនាន់មុន ត្រូវបានគេធ្វើតេស្តសាកល្បង ដោយបង្ហាញថា ថាមពលថ្មរបស់វាអាចរត់បានរហូតដល់ជាង១១ម៉ោង លើការប្រើលើអេក្រង់ជាប់ ដោយរយៈពេលប៉ុណ្ណេះជាប់ជាស្មាតហ្វូន ដែលមានថាមពលថ្មល្អឥតខ្ចោះទៅហើយ រីឯ iPhone XR 2 អាចនឹងមានកម្លាំងថ្មរត់បានរហូតដល់ ១២ម៉ោង លើការប្រើលើអេក្រង់ជាប់តែម្តង។ ខាងក្រោមនេះគឺជាគំរូ iPhone XR 2 ដែលគ្រោងនឹងបង្ហាញខ្លួនខាងមុខនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ phonearena