បច្ចេកវិទ្យា June 12, 2019 lyda
ទីក្រុងមែលប៊ន នឹងក្លាយជាទីតាំង សម្រាប់ការសាកល្បងសេវាកម្មតាក់ស៊ីហោះដំបូងរបស់ពិភពលោក

ក្នុងសប្តាហ៍នេះ Uber បានប្រកាសថា ខ្លួនបានសហការគ្នាជាមួយនឹង Jaunt Air Mobility របស់អាមេរិក ដែលមានមូលដ្ឋាននៅ Pennsylvania ដើម្បីនឹងផលិតតាក់ស៊ីដែលអាចហោះហើរបានសម្រាប់កម្មវិធីថ្មីរបស់ពួកគេ។ ក្រុមហ៊ុន Uber ក៏បានបង្ហាញផងដែរនូវ តាក់ស៊ីហោះ (ឬ​ Quadcopter) ម៉ូដែល Bell Nexus ថ្មីរបស់ខ្លួន ដែលអាចនិយាយបានថា ជា Drone យក្សបំពាក់ជាមួយនឹងម៉ាស៊ីន និងកាប៊ីនធំគួរសម ដែលអាចផ្ទុកអ្នកដំណើរបាន។

ក្រុមហ៊ុន Uber និយាយថា ខ្លួននឹងប្រើប្រាស់ទីក្រុងមែលប៊នរបស់ប្រទេសអូស្រ្តាលី ដែលជាទីក្រុងមិនមែននៅក្នុងអាមេរិកលើកដំបូង សម្រាប់សេវាដឹកជញ្ជូនតាមអាកាសថ្មីបំផុតរបស់ខ្លួន។ ពួកគេថែមទាំងបានអះអាងថា នៅឆ្នាំ ២០២៣ គឺជាកាលបរិច្ឆេទនៃការចាប់ផ្ដើមរបស់ពួកគេ សម្រាប់គំនិតផ្តួចផ្តើមនេះ។ គួរឱ្យដឹងផងដែរថា ទីក្រុងមែលប៊នបានចូលរួមជាមួយទីក្រុង Dallas និង LA របស់អាមេរិក សម្រាប់ជាទីតាំងបន្ទាប់ នៃការសាកល្បងនៃសេវាកម្ម «តាក់ស៊ីហោះ» ដំបូងបំផុតរបស់ពិភពលោក។

Uber បានបន្ថែមថា ជម្រើសការធ្វើដំណើរលើអាកាសនេះ នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ដែលរួមបញ្ចូលទាំងការដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវដី ក៏ដូចជាការប្រមូលអ្នកដំណើរបញ្ចូលក្នុងឧទ្ធម្ភាគចក្រតែមួយ។ កាលពីសប្តាហ៍មុន Uber បានចាប់ផ្តើមសេវាកម្មហោះហើរជាលើកដំបូងរបស់ខ្លួន ជាមួយឧទ្ធម្ភាគចក្រដឹកអ្នកដំណើរពីតំបន់ Manhattan របស់ទីក្រុង New York ទៅកាន់ព្រលានយន្តហោះអន្តរជាតិ John F. Kennedy មុននឹងក្រុមហ៊ុន Uber ចាប់ផ្តើមតាក់ស៊ីហោះនេះជាផ្លូវការ៕

អត្ថបទ៖ លីដា
ប្រភព៖ thethaiger