ព័ត៌មាន June 12, 2019 lyda
ទីក្រុងហុងកុងរងការធ្លាក់ចុះនៃភាគហ៊ុនយ៉ាងធ្ងន់ធ្ងរ ខណៈការប្រឆាំងតវ៉ានៅតែបន្តមាន

ភាគហ៊ុននៅក្នុងទីក្រុងហុងកុងត្រូវបានធ្លាក់ចុះ ខណៈដែលទីក្រុងនេះត្រូវបានរងការវាយប្រហារដោយការតវ៉ាដ៏ធំមួយក្នុងរយៈពេល ២ ឬ ៣ថ្ងៃនេះ។ ការតវ៉ានេះត្រូវបានចូលរួមដោយហ្វូងបាតុកររាប់ម៉ឺននាក់ ដោយពួកគេបានបិទផ្លូវសំខាន់ៗ អាជីវកម្មក៏ត្រូវបិទទ្វារ ហើយសហជីពក៏បានលើកទឹកចិត្តសមាជិករបស់ពួកគេមិនឱ្យទៅធ្វើការទៅទៀត។

រូបភាពនៃការតវ៉ារបស់បាតុករ ដែលវាដូចជាការរម្លឹកទៅដល់ចលនា Occupy កាលពី ឆ្នាំ២០១៤ បានបង្ហាញថា ចរាចរណ៍ត្រូវបានគេបង្អាក់ដំណើរ ហើយការិយាល័យរដ្ឋាភិបាលត្រូវបានគេរារាំង ខណៈហ្វូងបាតុករបានធ្វើបាតុកម្មប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យធ្វើបត្យាប័នទៅកាន់ប្រទេសចិន ដែលនឹងត្រូវយកមកពិភាក្សានៅថ្ងៃពុធ ទី១២ ខែមិថុនា នេះ។ ហើយការតវ៉ាបាននាំឱ្យអាជ្ញាធរ ពន្យាពេលការធ្វើបត្យាប័ននេះទៅ «ពេលក្រោយ» វិញ។

The Hang Seng Index ដែលជារបាយការណ៍សន្ទស្សន៍ទីផ្សារបានបង្ហាញថា ក្រុងហុងកុងបានធ្លាក់ចុះភាគហ៊ុនរហូតដល់ ១.៥៩% ឬ ៤៤០.៨២ ពិន្ទុ ឬ ២៧,៣៤៨.៥២ ភាគហ៊ុន ដែលវាជាការធ្លាក់ចុះដ៏អាក្រក់បំផុតនៅអាស៊ីកាលពីថ្ងៃអង្គារ។ លោក Ronald Wan នាយកប្រតិបត្តិរបស់ Partners Capital International បាននិយាយថា៖ «ភាពមិនច្បាស់លាស់លើគោលនយោបាយក្នុងស្រុក នឹងធ្វើឱ្យអ្នកវិនិយោគយល់ច្រឡំ និងប៉ះពាល់ដល់លំហូរ ចេញ/ចូល នៃភាគហ៊ុនរបស់ទីក្រុងហុងកុង» ៕

អត្ថបទ៖ លីដា
ប្រភព៖ CNA