បច្ចេកវិទ្យា June 14, 2019 Khmernote
អាមេរិកកំពុងសម្លឹងរកឱកាសបង្កើតក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិត 5G នៅក្នុងប្រទេសថៃ

ថៃ៖ នាយកដ្ឋានពាណិជ្ជកម្មអាមេរិកកំពុងសម្លឹងរកឱកាសអាជីវកម្ម និងកិច្ចសហប្រតិបត្តិការណ៍មួយក្នុងការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតល្បឿន 5G នៅក្នុងប្រទេសថៃ។ បើតាមលោក Supot Tiarawut លេខាធិការ និងជានាយកនៃសមាគមទូរគមនាគមន៍ថៃបានប្រាប់សារព័ត៌មាន BANGKOKPOST ថា រហូតមកទល់នឹងពេលនេះក្រុមការងាររបស់លោករួមជាមួយនឹងនាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានជួប និងពិភាក្សាជាមួយគ្នារួចហើយជុំវិញការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតល្បឿន 5G នេះ។

លោកបានបន្តថា គម្រោងមួយនេះបានដើរដល់ដំណាក់កាលសាកល្បងហើយ ដែលក្នុងដំណាក់កាលសាកល្បងនេះ គេនឹងប្រើប្រាស់មជ្ឈមណ្ឌលផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតចំនួនពីរប្រភេទផ្សេងគ្នា មួយគឺស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមថៃ និងមួយទៀតស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យ Chulalongkorn។ លោក Supot Tiarawut បានបញ្ជាក់ផងដែរថា ថៃបើកទ្វារស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់វត្តមានរបស់ក្រុមហ៊ុនអាមេរិកលើទឹកដីថៃ ហើយប្រជាជនថៃទាំងអស់នឹងរីករាយប្រើប្រាស់នូវបណ្តាញអ៊ីនធឺណិតល្បឿនលឿននេះនៅពេលដែលវាត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕

អត្ថបទ៖ ភក្តី