កីឡា June 14, 2019 sokun sokunna
បុរសដែលរត់លឿនជាងគេលើលោកបានលើកឡើងថា ក្លឹបបិសាចក្រហមគួរតែចុះកុងត្រាជាមួយកីឡាកររូបនេះប្រសិនបើចង់អោយកីឡាករ Paul Pogba បញ្ជេញសមត្ថភាពដល់កំរិតកំពូល

អតីតជើងឯកពានអូឡាំពិច និងជាអ្នកកាន់កំណត់ត្រាពិភពលោកដែលជាអ្នករត់លឿនជាងគេលើលោក Usain Bolt ត្រូវបានគេដឹងថាជាអ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United ហើយបច្ចុប្បន្ននេះគាត់បានបង្ហើបថាកីឡាកររូបណាដែរ United គួរតែចុះកុងត្រាជាមួយនៅក្នុងរដូវក្តៅនេះ ដើម្បីកីឡាករ Paul Pogba អាចលេងអោយដល់កំរិតរបស់គេ។ បើយោងទៅតាមសារព័ត៌មានរបស់ Mirror លោក Bolt បានមានអារម្មណ៍ថាក្លឹប Manchester គួរតែទុកកីឡាករ Paul Pogba និងចុះកុងត្រាជាមួយកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid លោក Antoine Griezmanនៅក្នុងរដូវក្តៅនេះ។

បន្ថែមពីរនេះទៅទៀត បុរសសញ្ជាតិចាមីការូបនេះមានទំនាក់ទំនងជិតស្និតជាមួយតារាបាល់ទាត់សញ្ជាតិបារាំង និងត្រូវបានជឿជាកថាគាត់នៅតែជាផ្នែកសំខាន់របស់បិសាចក្រហម បើទោះជាមានអ្នកគាំទ្រមួយចំនួនចង់អោយគាត់ចាកចេញយ៉ាងណាក្តី។ នៅក្នុងនោះដែរ Usian Bolt បានលើកឡើងថា” Pogba គឺជាមិត្តភក្តិរបស់ខ្ញុំ ហើយខ្ញុំក៏ជាអ្នកគាំទ្រមួយរបស់របស់គាត់ផងដែរ។ បិសាចក្រហមត្រូវការគាត់នៅក្នុងក្រុមមួយនេះ ហើយនេះជាអ្វីដែរខ្ញុំគិត”៕

គួរបញ្ជាក់ផងដែរថា ក្លឹបបិសាចក្រហមកំពុងតែធ្វើការរៀបចំក្រុមជាច្រើនសម្រាប់រដូវកាលនេះបន្ទាប់ពីខកចិត្តជាមួយនឹងរដូវកាលមុន ហើយពួកគេបានធ្លាក់ចេញពី FA Cup និងធ្លាក់ចេញពីពាន UEFA Champion League និងបញ្ជប់នៅត្រឹមលេខ៦ក្នុងក្របខ័ណ្ឌ  English Premier League។ និងមិនតែប៉ុណ្ណោះក្លឹបអស់ឱកាសក្នុងការលេងពាន UEFA Champion League នៅរដូវកាលក្រោយ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia