ព័ត៌មាន June 25, 2019 mesa mesa
លោកយាយវ័យចំណាស់ ខំចម្អិនម្ហូបទុកទទួលកូនក្មួយ ទាំងដៃបាក់ឆ្អឹង តែនាទីចុងក្រោយបែរជាត្រូវទទួលចម្លើយបែបនេះ

ម៉ាឡេស៊ី៖ ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ក្រោយមានករណីស្ត្រីវ័យចំណាស់ដៃវៀច ដោយសារបាក់ឆ្អឹង ប្រឹងធ្វើម្ហូបរង់ចាំក្រុមគ្រួសារមកជុំគ្នាញ៉ាំអាហារ តែក៏ត្រូវបានលុបចោលទៅវិញ។ រឿងរ៉ាវទាំងនេះបានកើតឡើងនៅពេលពិធីបុណ្យ Hari Riya នៅឯប្រទេស Malaysia ដោយវាជាពិធីជួបជុំគ្រួសារដ៏ធំមួយ ទាំងជំនាន់ចាស់ថ្មី និងជាឱកាសកម្រមួយ។ ស្ត្រីម្នាក់ដែលមានឈ្មោះ Laila Jamil បានបង្ហោះសារដ៏ក្រៀមក្រំព្រោះតែកើតសេចក្តីអាណិតអ្នកម្តាយរបស់ខ្លួនជាពន់ពេក ក្រោយពេលដែលគាត់បានត្រៀមម្ហូបជាច្រើនរង់ចាំទទួលកូនក្មួយ និងសាច់ញាតិខ្លួន។ អ្វីដែលគួរឲ្យខ្លោចចិត្តបំផុតនោះគឺ គាត់ខិតខំប្រឹងធ្វើម្ហូបទាំងដែលដៃគាត់បាក់ឆ្អឹង វៀច យ៉ាងវេទនា ទោះបីជារូបនាងហាមឃាត់យ៉ាងណាក៏គាត់មិនបញ្ឈប់នោះឡើយ។

ម្ហូបឆ្ងាញ់ៗជាច្រើនបានរៀបចំពេញតុអាហារដើម្បីរង់ចាំទទួលភ្ញៀវ អ្នកម្តាយរបស់នាងសប្បាយចិត្តជាខ្លាំងដោយគាត់ចង់ជួបជុំក្រុមគ្រួសារជាពន់ពេកព្រោះអស់ពេលជាយូរហើយដែលក្រុមគ្រួសារពួកយើងមិនបានជុំគ្នា។ ស្រាប់តែជិតដល់ម៉ោងអាហារល្ងាច ក្រុមសាច់ញាតិរបស់នាងបែរជាខលមកប្រាប់ថាពួកគេមិនបានមកនោះទេ ដោយពួកគេបាននិយាយថា៖ «ផ្ទះហ្នឹងនៅឆ្ងាយ ពួកយើងវង្វេងពិបាករកផ្លូវទៅដល់ ឥឡូវយើងដើរលេងនៅតំបន់តានមដងផ្លូវឆ្លងកាត់សិន ប្រសិនបើនៅសល់កម្លាំងចាំពួកយើងឈាងចូល»។

ទោះបីជាឮបែបនេះក្តី ស្រ្តីចំណាស់រូបនោះក៏នៅតែចេញទៅអង្គុយរង់ចាំមើលផ្លូវពួកគេរហូតដល់ម៉ោងពីរភ្លឺ។ ទើបនាងដាច់ចិត្តប្រាប់ម្តាយនាងឲ្យចូលសម្រាន្តដោយឃើញទឹកមុខដ៏សោកសៅ និងអស់សង្ឃឹមរបស់គាត់ ដែលវាធ្វើឲ្យនាងឈឺចាប់ជាខ្លាំង។ នាងបានផ្តាំទៅកាន់មនុស្សនៅក្នុងបណ្តាញសង្គមថា «ប្រសិនបើអ្នកប្រាប់នរណាម្នាក់ថានឹងទៅលេងផ្ទះគេ ឬជួបជុំគ្នា សូមកុំលុបវាចោលវិញជាពិសេសចំពោះមនុស្សចាស់ៗ ព្រោះគាត់តែងរង់ចាំ និងមានម្ហូបអាហាររង់ចាំទទួលអ្នកជានិច្ច មិនថាពួកគាត់លំបាកបែបណានោះទេ។ ពួកគាត់រំភើបចិត្តជាខ្លាំងពេលដែលបានដឹងថាអ្នកមកលេង កុំធ្វើឲ្យក្តីសង្ឃឹមរបស់គាត់ទៅជាអាសារបង់បែបនេះ»៕