ព័ត៌មាន June 25, 2019 lyda
ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ចំអកថា ការដាក់ទណ្ឌកម្មរបស់អាមេរិកជារឿង «ឆ្គួតលីលា»

ក្នុងថ្ងៃអង្គារនេះក្រុមមន្ត្រីអ៊ីរ៉ង់បានរិះគន់រដ្ឋបាលរបស់លោក Donald Trump យ៉ាងចាស់ដៃ ចំពោះការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ដែលបានផ្ដោតទៅលើការដឹកនាំរបស់ប្រទេសអ៊ីរ៉ង់។ ពួកគេនិយាយថា វិធានការរបស់អាមេរិកបានបិទផ្លូវឆ្ពោះទៅរកការការទូតជាអចិន្ត្រៃយ៍ ហើយថាសេតវិមានបានក្លាយជាជន «ពិការខួរក្បាល» ក្រោមការដឹកនាំរបស់ប្រធានាធិបតីបច្ចុប្បន្ន។ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានហៅការដាក់កំហិតរបស់អាមេរិកថា ជារឿងដែល «សាហាវយង់ឃ្នង និងលីលា» ហើយបាននិយាយថា អាមេរិកបានបង្ហាញពី «ការបរាជ័យយ៉ាងពិតប្រាកដ» ដែលថាពួកគេនឹងផ្តាច់ខ្លួនចេញពីអ៊ីរ៉ង់។

ឆ្លើយតបចំពោះការស្នើផែនការដាក់ទណ្ឌកម្មទៅលើលោក Mohammad Javad Zarif រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ ប្រធានាធិបតីលោក Hassan Rouhani បាននិយាយថា «អ្នកចង់ដាក់ទណ្ឌកម្មមករដ្ឋមន្រ្តីការបរទេស ដំណាលគ្នាជាមួយសំណើសុំការចរចា?»។ ក្នុងនោះផងដែរ មន្ដ្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi ក៏បានសរសេរសារលើបណ្ដាញ Twitter ថា ទណ្ឌកម្មអត់ប្រយោជន៍ ដែលដាក់មកលើមេដឹកនាំកំពូល Ali Khamenei និង Mohammad Javad Zarif ដែលជាអ្នកដឹកនាំការចរចានុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយអាមេរិក មានន័យថា «ជាការបិទទ្វារនៃការការទូតជាអចិន្ត្រៃយ៍» «រដ្ឋាភិបាលរបស់លោក Donald Trump កំពុងបំផ្លាញគ្រប់យន្តការអន្តរជាតិ ដែលបានបង្កើតឡើងដើម្បីរក្សាសន្តិភាព និងសន្តិសុខពិភពលោក»៕

អត្ថបទ៖ លីដា
ប្រភព៖ washingtonpost