សង្គម June 26, 2019 mesa mesa
ឃើញមនុស្សចាស់ពិការជើង រាប់កាក់ដែលសន្សំបានទុកទិញឈើច្រត់ នារីម្នាក់មានសណ្តានចិត្តប្រគល់ឈើច្រត់ឲ្យដោយមិនយកប្រាក់

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃពីស្រីស្រស់ចិត្តធម៌ប្រគល់ឈើច្រត់ឲ្យអ៊ុំប្រុសពិការដោយមិនយកប្រាក់។ នារីវ័យក្មេងដែលមានគណនីហ្វេសប៊ុកឈ្មោះថា Naluemon Thamman បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ព្រឹកមិញនេះមានអ៊ុំប្រុសវ័យចំណាស់ម្នាក់គោះទ្វារកញ្ចក់មុខឱសថស្ថានខ្លួន ដោយពុំហ៊ានចូលមក។ នាងក៏ចេញទៅបើកហើយសួរថាត្រូវការថ្នាំអ្វីដែរ? តែបុរសរូបនោះបែរជាសួរមកវិញនៅតម្លៃឈើច្រត់នៅឯម្ខាងទៀត។ នាងក៏តបថាវាមានតម្លៃ ៤៥០ បាត។

<

អ៊ុំរូបនោះក៏ប្រាប់វិញថាចាំបន្តិចគាត់ទៅប្រាប់មិត្តភក្តិគាត់សិន ព្រោះមិត្តភក្តិគាត់ជាជនពិការ។ បន្តិចក្រោយមកអ៊ុំប្រុសរូបនោះក៏ត្រលប់មកវិញជាមួយលោកអ៊ុំចំណាស់ម្នាក់ទៀតដែលជាជនពិការពុំអាចដើរបាន។ គាត់បានសួរតម្លៃឈើច្រត់ម្តងទៀត មុននិងដកលុយដែលគាត់សន្សំយកមករាប់ ដោយលុយទាំងនោះសុទ្ធសឹងតែជាកាក់សេន។ នាងក៏ប្រាប់ទៅអ៊ុំប្រុសពិការរូបនោះថា នាងជូនឈើច្រត់នោះទៅលោកអ៊ុំ ដោយពុំយកប្រាក់។ អ៊ុំប្រុសពិការរូបនោះឮហើយសប្បាយចិត្តជាខ្លាំង តបអរគុណទៅនាងវិញថា ម្ចាស់ឱសថស្ថាននេះចិត្តល្អដល់ហើយ។ នាងក៏តបវិញថា នាងពុំមែនជាម្ចាស់ហាងនោះទេ នាងគ្រាន់ជាឱសថការីលក់ថ្នាំនៅទីនេះប៉ុណ្ណោះ។ ដែលនាងឲ្យឈើច្រត់ទៅលោកអ៊ុំ ព្រោះវាជាទឹកចិត្តរបស់នាង យ៉ាងហោចណាស់លោកអ៊ុំបានចូលមកទិញឈើច្រត់ដោយប្រើលុយសន្សំ មិនមែនចូលមកសុំទទេរៗ»៕

អត្ថបទ៖ មេសា