តារា June 27, 2019 mesa mesa
ត្រៀមរួចជាស្រេច រង់ចាំតែថ្ងៃអាពាហ៍ពិពាហ៍មកដល់ អកុសលអ្វីកូនក្រមុំបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលកូនកម្លោះ

ថៃ៖ មានរឿងរ៉ាវគួរឲ្យរំជួលចិត្តជាខ្លាំងដោយបុរសម្នាក់ បានបាត់បង់អនាគតភរិយានៅមុនថ្ងៃរៀបការដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ បុរសម្នាក់ដែលមានឈ្មោះថា Hotto អាយុ ៣៦ឆ្នាំ មកពីខេត្ត ខនគេន ត្រូវបានគេអញ្ជើញចូលរួមច្រៀងជាភ្ញៀវកិត្តិយសក្នុងកម្មវិធីទូរទស្សន៍មួយនៅក្នុងប្រទេសថៃ។

បុរសវ័យ ៣៦ ឆ្នាំរូបនោះបានធ្វើឲ្យមហាជន និងអ្នកដែលចូលរួមតក់ស្លុតជាខ្លាំង ក្រោយលោកបង្ហាញចិញ្ចៀនអាពាហ៍ពិពាហ៍ តែលោកបានប្រាប់គ្រប់គ្នាថាលោកមិនបានរៀបការនោះទេ ព្រោះតែអនាគតភរិយារបស់លោកបានបាត់បង់ជីវិត។ លោកបានបញ្ជាក់ថា លោកគ្រោងរៀបការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ តែអ្វីៗត្រូវបានលុបចោលទាំងអស់ ដោយនៅថ្ងៃទី៥ ខែកុម្ភៈ គូស្នេហ៍របស់លោកបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត។ អ្វីគ្រប់យ៉ាងគឺត្រូវបានរៀបចំអស់ជាស្រេច ដោយលោកបានបោះធៀបអាពាហ៍ពិពាហ៍ដែលធ្វើដោយដៃលោកផ្ទាល់ ថតរូប Pre-Wedding និងត្រៀមខ្លួនរួចរាល់ជាស្រេច តែអ្វីដែលមិននឹកស្មានដល់នោះគឺនាងត្រូវបាត់បង់ជីវិត។

គ្រានោះរឿងរ៉ាវស្នេហារបស់លោកត្រូវបានគេចែករំលែកពេញបណ្តាញសង្គម នូវរូបជាមួយសារដែលលោកបង្ហោះថា៖ «ខ្ញុំសុំអភ័យទោសចំពោះបងប្អូនគ្រប់គ្នា ដែលត្រូវប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំសុំលុបចោលពិធីមង្គលការនៅថ្ងៃសៅរ៍ទី៣០ ខែមីនា  ដោយកូនក្រមុំដ៏ស្រស់ស្អាតរបស់ខ្ញុំបានលាចាកលោកទៅចោលអ្នករាល់គ្នា ក្រុមគ្រួសារ និងមនុស្សដែលនាងស្រលាញ់បាត់ហើយ ព្រោះនាងបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍។ ហេតុដូចនេះពិធីមង្គលការមិនអាចបន្តបានទៀតនោះទេ ពេលនេះនាងទៅបានសុខហើយ។ ទោះបីជានាងបានចាកចេញពិតមែន តែនាងនៅតែស្ថិតក្នុងដួងចិត្តខ្ញុំ និងអ្នកដែលស្រលាញ់រាប់អាននាងជារៀងរហូតទៅ។ ស្រលាញ់អូនខ្លាំងណាស់ ទេពអប្សរដ៏សែនល្អរបស់បង»។ លើសពីនេះលោកក៏បានហាត់សមច្រៀងចម្រៀងសម្រាប់ជូនភរិយារបស់លោកនៅថ្ងៃពិធីមង្គលការផងដែរ គឺបទ “ของขวัญ” ដែលមានន័យថា កាដូ ឬ អំណោយ៕

អត្ថបទ៖ មេសា