តារា June 27, 2019 mesa mesa
សកម្មភាពសិល្បករសិល្បការិនី ចូលរួមក្នុងកម្មពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលចំពោះវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតក្នុងសោកនាដកម្មបាក់រលំអគារខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ តារាប្រុសស្រីជាច្រើននាក់ដែលដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានមកជួបជុំគ្នាដើម្បីរៀបចំពិធីប្រារព្វវិញ្ញាណក្ខន្ធគំរប់៧ថ្ងៃជូនអ្នកដែលស្លាប់ក្នុងសោកនាដកម្មបាក់អគារនៅខេត្តព្រះសីហនុ។ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាអ្នកផ្តួចផ្តើមគំនិតក៏បានសរសេរសារដូចគ្នាថា «ពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធចំពោះបងប្អូនជនរងគ្រោះដែលបានស្លាប់ដោយឧបទ្ទវហេតុរលំបាក់អគា៧ជាន់នៅខេត្តព្រះសីហនុ»៕

ក្នុងនោះតារាសម្តែងស្រី សូ ដានីតា ក៏បានបង្ហោះសារឲ្យដឹងផងដែរថា «ថ្ងៃនេះយើងខ្ញុំ ទាំងអស់គ្នាសិល្បករសិល្បការិនី បានចូលរួមកម្មវិធី ប្រារព្វវិញ្ញាណក្ខន្ធគំរប់៧ថ្ងៃ ចំពោះបងប្អូនកម្មករ២៨នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយហេតុបាក់អាគារ នៅខេត្តព្រះសីហនុ សូមអោយវិញ្ញាណក្ខន្ធបងប្អូនអ្នកស្លាប់ទាំងអស់ ទៅកាន់សុគតិភព និងស្ងប់សុខទៅឋានបរលោក។ កម្មវិធី៧ថ្ងៃ ថ្ងៃនេះយើងខ្ញុំធ្វើឡើង ដោយការសូមចូលរួមរំលែកទុក្ខដល់បងប្អូនគ្រួសារនៃសពទាំង២៨គ្រួសារ។ នាងខ្ញុំសូមអរព្រះគុណដល់ ព្រះព្រហ្មវិជ្ជា នីសុវណ្ណមុនីរ៉េត មេកុដិលេខ ២៤ វត្តនាគវន័ ដែលព្រះអង្គបានជួយរៀបចំ ហើយព្រះអង្គបានទទួលអាហារថ្ងៃត្រង់សំរាប់យើងខ្ញុំទាំងអស់គ្នា ព្រមទាំងបងៗសារព័ត៍មាន។ នាងខ្ញុំសូមអរគុណបងស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈខ្មែរ ដែលបានរៀបចំកម្មវិធីប្រារព្វវិញ្ញាណក្ខន្ធនេះឡើង
និង អរគុណដល់បងប្អូនទាំងអស់បានចូលរួម»៕