រថយន្ត July 1, 2019 lyda
មកមើលពីលក្ខណៈពិសេសរថយន្តតម្លៃ១លានកន្លះរបស់មេដឹកនាំអាមេរិក និងកូរ៉េខាងជើង ដែលទើបនឹងជួបគ្នាថ្មីៗនេះ

រថយន្ដពាសដែកដ៏ប្រណិតៗ តែងតែជាមធ្យោបាយដឹកជញ្ជូនទូទៅសម្រាប់មេដឹកនាំពិភពលោកជាច្រើន។ មេដឹកនាំខ្លះជ្រើសយករថយន្តជាប្រភេទ Sedan ឬ SUV ខណៈអ្នកផ្សេងទៀតជ្រើសយកប្រភេទលីមូហ្ស៊ីន (Limousine) រួមមានទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ផងដែរ។ សម្រាប់លោក ដូណាល់ ត្រាំ គាត់ប្រើរថយន្តម៉ាក Cadillac ដែលមានតម្លៃ ១.៥លានដុល្លារ ដែលមានរហស្សនាមថា «”the Beast” ខណៈពេលដែលលោក គីម ជុងអ៊ុន ប្រើរថយន្តម៉ាក Mercedes-Benz S600 Pullman Guard W221 ។ ទាំង ២ ម៉ូដែលនេះ សុទ្ធតែមានគ្រឿងសម្ភារៈជាច្រើន ដើម្បីការពារប្រមុខដឹកនាំទាំងនោះ។ ចំពោះសមត្ថភាពខុសៗគ្នានៃរថយន្តរបស់មេដឹកនាំទាំង ២ គឺ៖

១. រថយន្តម៉ាក Cadillac រហស្សនាមថា the Beast របស់លោក ត្រាំ មានតម្លៃ ១.៥លានដុល្លារ។ វាបង្ហាញខ្លួនក្នុង ឆ្នាំ២០១៨ និងអាចផ្ទុកបានទម្ងន់រហូតដល់ ២០,០០០ផោន។ ជារថយន្ត limo ដែលមានពាសដែកការពារខាងក្រៅកម្រាស់ ៨អ៊ីញ និងបង្អួចកម្រាស់ ៥អ៊ីញ, ទ្វាររឹងមាំដូចទ្វារយន្តហោះ Boeing 757, ផ្ទុកអ្នកដំណើរបាន ៧នាក់, ធន់នឹងគ្រាប់កាំភ្លើង, ប្រឆាំងការផ្ទុះ និងការវាយប្រហារគីមី ឬជីវសាស្រ្ត។ សូម្បីតែកង់របស់វាក៏ផលិតអមមកជាមួយសារធាតុ Kevlar ដែលជាធាតុប្រឆាំងនឹងគ្រាប់ ហើយធុងឥន្ធនៈរបស់វាក៏មានការពារនូវសារធាតុការពារផ្ទុះឆេះផងដែរ។ ចំពោះអ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតគឺ នៅក្នុងរថយន្ត limo របស់លោក ត្រាំ មានទូរទឹកកក ដែលផ្ទុកឈាមប្រភេទដូចនឹងឈាមរបស់ប្រធានាធិបតីផ្ទាល់តែម្ដង ដើម្បីសម្រាប់ជាការសង្គ្រោះបន្ទាន់ណាមួយ។

២. សម្រាប់រថយន្តម៉ាក Mercedes-Benz S600 Pullman Guard W221 របស់លោក គីម ជុងអ៊ុន វិញមិនសូវជាមានពត៌មានលម្អិតអំពីសមត្ថភាពរបស់វានោះទេ។ គ្រាន់តែយើងអាចដឹងត្រួសៗថា វាត្រូវបានបញ្ជាទិញកាលពី ឆ្នាំ២០១០ បំពាក់ដោយ ម៉ាស៊ីន bi-turbo V12 ទំហំចំណុះ ៥.៥លីត្រ ដែលមានថាមពលរហូតដល់ ៥១៧សេះ។ មានប្រវែង ២១ហ្វ៊ីត (៦.៤ម៉ែត្រ) ផ្ទុកបាន ១១,០០០ផោន ផ្នែកខាងក្នុងអាចនឹងក្រាស់ជាងរថយន្តរបស់លោក ត្រាំ ទៅទៀត។ មានតម្លៃ ១.៥៧ដុល្លារ នៅក្នុងទីផ្សារប្រទេសអាល្លឺម៉ង់។ លោក គីម ក៏មានរថយន្ត limo មួយទៀត ម៉ាក Maybach 62 ផងដែរ ដែលបំពាក់ដោយប្រព័ន្ធទំនើប ហើយវាក៏ជារថយន្តសំណព្វរបស់គាត់ផងដែរ៕

អត្ថបទ៖ លីដា