រថយន្ត July 1, 2019 Khmernote
ឡាន Hybrid និងឡានដើរដោយអគ្គិសនីម៉ាស៊ីនស្ងាត់ពេក រហូតដល់ថ្នាក់អង់គ្លេសចេញច្បាប់ធ្វើយ៉ាងណាឲ្យឡានមានសម្លេងខ្លះ ព្រោះខ្លាចអ្នកថ្មើរជើងអត់ដឹងថាមានឡានជិះក្បែរខ្លួន

រថយន្ត Hybrid ឬជាប្រភេទរថយន្តដើរដោយថាមពលអគ្គិសនីទាំងអស់នឹងតម្រូវឲ្យបំពាក់នូវម៉ាស៊ីនក្លែងក្លាយមួយ ដើម្បីបង្កើតឲ្យមានសំឡេងខ្លះនៅក្នុងពេលបើកបរ ជាពិសេសគឺនៅពេលបើកបរក្នុងល្បឿនយឺតៗតែម្ដង។ ការសម្រេចមួយនេះត្រូវបានធ្វើឡើងដោយស្ថាប័នទទួលបន្ទុកផ្នែកត្រួតពិនិត្យសុវត្ថិភាពយានយន្តរបស់ប្រទេសអង់គ្លេស ហើយក្រុមហ៊ុនផលិតរថយន្តទាំងអស់ត្រូវតែអនុវត្តតាមសេចក្តីណែនាំនេះចំពោះការផលិតរថយន្ត Hybrid ស៊េរីថ្មីរបស់ពួកគេទាំងអស់។

គេបានរកឃើញថា ជាទូទៅរថយន្តដើរដោយថាមពលអគ្គិសនីទាំងអស់ តែងមានសំឡេងស្ងាត់ល្អ ហើយបើបើកកាន់តែយឺតគឺសំឡេងកាន់តែស្ងាត់រហូតធ្វើឲ្យអ្នកថ្មើរជើងលើដងផ្លូវមិនអាចស្ដាប់ឮថាមានរថយន្តមកជិតពួកគេនោះទេ ហើយក្នុងស្ថានភាពនេះវាអាចបង្កឲ្យមានគ្រោះថ្នាក់សម្រាប់ក្រុមអ្នកថ្មើរជើងផងដែរ។ ដើម្បីទប់ស្កាត់គ្រោះថ្នាក់នេះទើបគេតម្រូវឲ្យមានការបំពាក់នូវម៉ាស៊ី​នក្លែងក្លាយមួយ ដើម្បីបញ្ចេញសំឡេងនៅពេលរថយន្តបើកបរក្នុងល្បឿនតិចជាង ២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ សូមបញ្ជាក់ថា ការសម្រេចខាងលើនេះនឹងក្លាយជាច្បាប់សម្រាប់អនុវត្តក្នុងប្រទេសអង់គ្លេស ហើយក្រុមហ៊ុននៅក្នុងប្រទេសផ្សេងៗក៏អាចអនុវត្តតាមបានផងដែរ ប្រសិនបើពួកគេគិតថាវាចាំបាច់៕

អត្ថបទ៖ ភក្តី