សង្គម July 2, 2019 mesa mesa
ជួយគាំទ្រផង! ហាង “កាហ្វេសំរាម” របស់លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង នៅឧទ្យានជាតិគិរីរម្យបានលេចចេញជារូបរាងហើយ កំពុងត្រូវការគ្រាប់កាហ្វេហួសដឺឡេដើម្បីរៀបចំតុបតែងលម្អបន្ថែម

ជឿជាក់ថាបងប្អូនមួយចំនួនធំមុខជាបានស្គាល់លោក អ៊ុក វណ្ណដេ ដែលជាស្ថាបនិក​សាលាដូងជាក់ជាមិនខាន។ គួររំលឹកឲ្យដឹងផងដែរថាលោក អ៊ុក វណ្ណដេ ជាយុវជនស្ម័គ្រចិត្តមួយរូបដែលបានជួយក្មេងៗជាច្រើនឲ្យបានរៀនសូត្រ ព្រមទាំងបានកែច្នៃសំរាមឲ្យចេញជាសាលារៀន និងវត្ថុលំអជាច្រើន។ ថ្មីៗនេះលោកបានរៀបចំហាងកាហ្វេមួយនៅឯឧទ្យានជាតិគិរីរម្យដែលមានឈ្មោះថា “កាហ្វេសំរាម”។

វាពិតជាមិនងាយស្រួលនោះទេ ដែលសាងសង់ហាងកាហ្វេលើភ្នំបែបនេះ ព្រោះថាវាត្រូវចំណាយច្រើន និងពេលវេលាយូរ ជាពិសេសគឺពុំសូវមានអ្នកស្គាល់ព្រោះតែតំបន់នេះយូរៗទើបមានភ្ញៀវច្រើនឡើងទៅលេងកម្សាន្តម្តង។ ទោះបីជាយ៉ាងណាលោក អ៊ុក វណ្ណដេ ពុំដែលគិតថាបោះបង់នោះឡើយ ដោយពេលនេះកាហ្វេសំរាមរបស់លោកគឺទទួលបានជោគជ័យ លេចចេញជារូបរាងហើយ ប៉ុន្តែនៅខ្វះការតុបតែងលម្អបន្តិច។ ស្ថាបនិកវ័យក្មេងរូបនេះបានបង្ហោះសារថា «យកគ្រាប់ coffee ហូសដឺលេ មករៀបជារូបដំរី២ថ្ងៃហើយនៅតែមិនហើយ រួចហើយអស់កាហ្វេទៀត តើមានបងប្អួនណាមានគ្រាប់កាហ្វេហួសដឺលេទេ?»។ ហេតុដូចនេះប្រសិនបងប្អូនណាមានគ្រាប់កាហ្វេដែលខូចគុណភាព ឬហួសដឺឡេ អាចទំនាក់ទំនងទៅរូបគាត់បាន ហើយបើបានទៅលេងឧទ្យានជាតិគិរីរម្យកុំភ្លេចជួយគាំទ្រ “កាហ្វេសំរាម” ផងដែរ៕

អត្ថបទ៖ មេសា