សង្គម July 2, 2019 mesa mesa
លោកឧកញ៉ា ឌួង ឆាយ ចូលរួមរំលែកទុក្ខនិងចូលបុណ្យចំនួន ១លានរៀល ជូនដល់ក្រុមគ្រួសារកុមារីរងគ្រោះទទួលមរណភាពដោយសារតែធ្លាក់ចូលអាងក្រពើ

ថ្មីៗនេះករណីក្មេងស្រីអាយុ២ឆ្នាំធ្លាក់ចូលអាងចិញ្ចឹមក្រពើត្រូវចាប់ហែកស៊ីសល់តែលលាក្បាលបានធ្វើឲ្យមហាជនរន្ធត់ចិត្តជាខ្លាំង។ គួររំលឹកឲ្យដឹងផងដែរថាហេតុការណ៍រន្ធត់មួយនេះ បានកើតឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចអាងចិញ្ចឹមក្រពោះ ក្រោយផ្ទះកុមារីរងគ្រោះ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាម ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលដែលឪពុករវល់ទៅផ្សារ ទុកកូននៅនឹងម្តាយកូនខ្ចី ពេលត្រលប់មកវិញរកកូនពុំឃើញ ឃើញតែក្រពើដណ្តើមគ្នាស៊ីលលាក្បាល ទើបដឹងថាកូនបាត់បង់ជីវិតដោយក្រពើស៊ី។

មហាជនជាច្រើនបានសម្តែងការសោកស្តាយ និងអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ក្នុងនោះ ឧកញ៉ា ឌួង ឆាយ ក៏បានសម្តែងក្តីក្រៀមក្រំជាមួយសារថា «ម្សិលមិញខ្ញុំបាទ បានផ្ញើថវិកា ១,០០០,០០០៛ ចូលបុណ្យក្មួយស្រី និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារ ពិតជាគួរអោយអាណិតអាសូរសោកសង្វេគខ្លោចផ្សារជាពន់ពេករហូតធ្វើអោយ ខ្ញុំយល់សុបិន្តឃើញទិដ្ឋភាពទាំងអស់រហូតពេញមួយយប់។ សូមវិញ្ញាណក្មួយស្រីទៅកាន់សុគតិភព និងកើតជាណាៗកុំអោយដូចជាតិនេះទៀត»៕

>

អត្ថបទ៖ មេសា