រថយន្ត July 6, 2019 lyda
ក្រុមហ៊ុន Toyota កំពុងសំងំធ្វើតេស្តដំបូលសូឡា ដើម្បីអាចឱ្យរថយន្តថាមពលពន្លឺព្រះអាទិត្យរបស់ពួកគេ សាកថ្មអំឡុងពេលបើកបរបាន

ក្រុមហ៊ុនតូយ៉ូតាកំពុងធ្វើតេស្តកំណែថ្មី និងកែលម្អដំបូលថាមពលពន្លឺព្រះអាទិត្យ ដែលពួកគេបានដាក់ឱ្យប្រើដំបូងនៅលើរថយន្ដ Prius PHV ដែលមានលក់ផ្ដាច់មុខតែនៅប្រទេសជប៉ុន នៅក្នុងការសាកល្បងមួយជាមួយដៃគូរបស់របស់ខ្លួន គឺក្រុមហ៊ុន Sharp និងអង្គការស្រាវជ្រាវជាតិជប៉ុន NEDO ។ សូឡាគំរូនេះអាចទាញថាមពលពន្លឺព្រះអាទិត្យបាន 34% និងខ្ពស់ជាងម៉ូដែលបច្ចុប្បន្ន ដែលអាចទាញយកបានតែ 22.5% ។ អ្វីដែលកានតែពិសេសគឺវាក៏អាចសាកថ្មបាន ខណៈពេលដែលរថយន្តកំពុងធ្វើចលនា ដែលធ្វើឱ្យការបើកបរកាន់តែបានយូរ។

ប្រព័ន្ធថ្មីនេះនឹងផ្តល់ឱ្យរថយន្តអាចបើកបរបានចម្ងាយបន្ថែម 44.5គីឡូម៉ែត្រ ពីម៉ូដែលចាស់ នៅពេលចតចោល ហើយអាចបន្ថែមថាមពលរហូតទៅដល់ 56.3គីឡូម៉ែត្រ បន្ថែមនៅពេលបើកបរ (ពេលបើកបរបណ្តើរសាកថ្មបណ្ដើរ)។ រថយន្តសាកល្បងថ្មីនេះ នឹងដាក់ឱ្យដំណើរការនៅលើផ្លូវនៅចុងខែកក្កដានេះ ហើយការធ្វើតេស្តសាកល្បងនឹងត្រូវធ្វើនៅទូទាំងតំបន់ផ្សេងៗគ្នា ដើម្បីសាកល្បងសមត្ថភាពរបស់វាក្នុងលក្ខខណ្ឌអាកាសធាតុខុសគ្នា និងស្ថានភាពការបើកបរផ្ទាល់។

គោលដៅនៃការសាកល្បងគឺដើម្បីប្រើការស្រាវជ្រាវនេះ សម្រាប់ជួយសម្រួលដល់ការប្រើប្រាស់បច្ចេកវិទ្យាថាមពលព្រះអាទិត្យឱ្យមានប្រសិទ្ធិភាពជាងមុន និងអាចសម្រួលដល់ការដឹកជញ្ជូនមួយចំនួន។ យ៉ាងណាមិញថ្មីៗនេះក្រុមហ៊ុន Lightyear One របស់ប្រទេសហូឡង់ក៏បានបង្ហាញរថយន្តប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនផងដែរកាលពីខែមុន ប៉ុន្តែការផលិតរថយន្តនោះនៅមិនទាន់បានកំណត់រហូតដល់ឆ្នាំ 2021 ហើយវាជាការប្រកួតប្រជែងថ្មីនៅក្នុងទីផ្សាររថយន្ត៕

អត្ថបទ៖ លីដា