រថយន្ត July 10, 2019 Khmernote
ហេតុអ្វីបានជា Toyota ហ៊ានបោះទុន ២ពាន់លានដុល្លារផលិតឡានអគ្គិសនីនៅឥណ្ឌូនេស៊ី?

កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុនគឺក្រុមហ៊ុន Toyota បានសម្រេចបោះទុកវិនិយោគចំនួន ២ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ ដើម្បីផលិតរថយន្តដើរដោយអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ការវិនិយោគត្រូវបានគេបញ្ជាក់ផងដែរថា នឹងធ្វើការផ្តោតទៅលើការផលិតរថយន្តដើរដោយអគ្គិសនីសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារជាចម្បងផងដែរ។ ក្រោយសារព័ត៌មានខាងលើនេះត្រូវបានចុះផ្សាយជាសាធារណៈមានមតិជាច្រើនបានលើកឡើងថា តើហេតុអ្វីបានជា Toyota សម្រេចបោះទុកយ៉ាងច្រើនដូចនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ីទៅវិញ?

បើយោងតាមការវិភាគរបស់ក្រុមអ្នកជំនាញ ដែលត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មាន BUSINESSINSIDER នោះបានបង្ហាញថា ហេតុផលដែល Toyota សម្រេចបោះទុនផលិតរថយន្តនៅឥណ្ឌូនេស៊ីអាចមានដូចជា៖

+ ឥណ្ឌូនេស៊ីជាប្រទេស ដែលសម្បូរវត្ថុធាតុដើមសម្រាប់ផលិតអាគុយរថយន្តដូចជារ៉ែថ្មបាយក្រៀមជាដើម ដូចនេះហើយគេនឹងងាយស្រួលក្នុងការផលិតអាគុយរថយន្តដើរដោយអគ្គិសនីនៅក្នុងប្រទេសមួយនេះ។

+ ក្រុមហ៊ុន​ផលិតរថយន្ត Mitsubishi និង Hyundai បានទៅដល់ឥណ្ឌូនេស៊ីរួចហើយ ដូចនេះវត្តមានរបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសមួយនេះនឹងជំរុញឲ្យចង្វាក់ផលិតកម្មនៃផលិតរថយន្តកាន់តែមានសន្ទុះថែមមួយកម្រិតទៀត។

+ តាមរបាយការណ៍បានបង្ហាញថា បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍គឺទីផ្សារដ៏ធំមួយក្នុងការលក់រថយន្តអគ្គិសនី ដូចនេះហើយការផលិតរថយន្តអគ្គសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ីនឹងផ្តល់ភាពងាយស្រួលក្នុងការចែកចាយរថយន្តទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់។

+ តាមរយៈហេតុផលខាងលើនេះ Toyota នឹងសម្រេចបាននូវផែនការលក់រថយន្តរបស់ខ្លួនតាមការគ្រោងទុក ដោយមួយផ្នែកធំបានមកពីរោងចក្រផលិតរថយន្តនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

អត្ថបទ៖ ភក្តី