បច្ចេកវិទ្យា July 9, 2019 Khmernote
គេនាំគ្នាផ្អើលផលិតអេក្រង់បត់ តែ Sony អត់ខ្វល់ ហើយមកសម្ងំផលិតអេក្រង់រមូរខុសគេទៅវិញ

ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងតែអភិវឌ្ឍន៍នូវស្មាតហ្វូន ដែលមានអេក្រង់អាចបត់ចូលគ្នាបាននោះ​ ស្រាប់តែមានដំណឹងមួយបានបង្ហាញថា ក្រុមហ៊ុន Sony ឯនោះវិញ កំពុងតែសម្ងំអភិវឌ្ឍន៍នូវឧបករណ៍ ដែលមានអេក្រង់អាចរមូរចុះឡើងបាន។ អេក្រង់ដែលអាចរមូរបាននេះមានន័យថា នៅពេលដែលលោកអ្នកចង់ប្រើប្រាស់ឧបករណ៍នោះលោកអ្នកអាចពន្លាអេក្រង់ឲ្យធំ ដើម្បីប្រើប្រាស់ ហើយនៅពេលដែលលោកអ្នកឈប់ប្រើប្រាស់ ឬចង់ដាក់វានៅកន្លែងតូចចង្អៀត លោកអ្នកអាចរមូរអេក្រង់ឲ្យតូចវិញបាន។ ដំណឹងមួយនេះត្រូវបានបង្ហោះដំបូងដោយម្ចាស់គណនី Twitter ដែលមានឈ្មោះថា Max J. ហើយក្រោយមកក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនចែករំលែកតៗគ្នា។

តាមម្ចាស់គណនី Twitter រូបនេះ បានឲ្យដឹងថា ឧបករណ៍របស់មហ៊ុន Sony នេះមានកម្លាំងថ្ម 3220mAh មានកាំមេរ៉ា ១០x Zoom និងបំពាក់បច្ចេកវិទ្យាភ្ជាប់អ៊ីនធឺណិតល្បឿន 5G ផងដែរ។ តែយ៉ាងណាក្តី គេនៅមិនបាន់ដឹងច្បាស់ថា ក្រុមហ៊ុន Sony នឹងយកអេក្រក់ដែលអាចរមូរបាននេះទៅបំពាក់លើទូរស័ព្ទ ឬ Tablet ប្រភេទណាមួយឡើយ៕

អត្ថបទ៖ ភក្តី