បច្ចេកវិទ្យា July 10, 2019 Khmernote
Huawei អះអាងថា Android និង iOS ដើរលឿនមិនដល់ Hongmeng OS របស់ខ្លួនឡើយ

តើលោកអ្នកធ្លាប់គិតទេថា ថ្ងៃណាមួយលោកអ្នកនឹងត្រូវឈប់ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ទូរស័ព្ទដ៏ធំរបស់ពិភពលោក គឺប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ក្រុមហ៊ុន Google ឬប្រព័ន្ធប្រតិបត្តិការណ៍ iOS របស់ក្រុមហ៊ុន Apple? ជាទូទៅលោកអ្នកប្រាកដជាគិតថា ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទទាំងពីរនេះគឺជាប្រព័ន្ធប្រតិបត្តិការណ៍ដ៏ល្អបំផុត ហើយមិនដែលគិតចង់ឈប់ប្រើប្រាស់ពួកគេវានោះទេ? យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន GADGETMATCH បានរាយការណ៍ថា ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយរបស់ក្រុមហ៊ុន Huawei អាចនឹងមានលក្ខណៈល្អប្រសើរជាងប្រព័ន្ធប្រតិបត្តិការណ៍ Android និង iOS ទៅទៀត។

ប្រភពដដែលបានបន្តថា ក្នុងពេលអនាគត Huawei នឹងមានប្រព័ន្ធប្រតិបតិ្តការណ៍ផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Hongmeng OS ។ យោងតាមការអះអាងរបស់លោក Ren Zhengfei  ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Huawei នោះបានបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការណ៍ Huawei’s OS នឹងមានល្បឿនលឿនជាងប្រព័ន្ធប្រតិបត្តិការណ៍ Android និង iOS រហូតដល់ទៅ ៦០% ឯណោះ។ សូមរម្លឹកជូនថា ក្រោយអាមេរិកសម្រេចហាមឃាត់មិនឲ្យ Huawei ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណ៍ Android មក ​ក្រុមហ៊ុន Huawei បានខិតខំយ៉ាងខ្លាំងក្នុងការបង្កើតប្រតិបត្តិការណ៍ ថ្មីមួយរបស់ខ្លួន ហើយរហូតមកទល់នឹងពេលនេះមានពាក្យចរចាមអារាមជាច្រើនបានលើកឡើងថា Huawei បង្កើតបានប្រព័ន្ធប្រតិបត្តិការណ៍របស់ខ្លួនដោយជោគជ័យហើយ ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

អត្ថបទ៖ ភក្តី