បច្ចេកវិទ្យា July 10, 2019 Khmernote
អ្នកលេងបណ្តាញសង្គមចិន ភ្ញាក់ផ្អើលក្រោយឃើញ logo របស់ក្រុមហ៊ុនទូរស័ព្ទ Huawei នៅក្នុង Teaser រឿង “វីរៈនារីមូឡាន”?

កាលពីពេលថ្មីនេះផលិតកម្ម Disney បានបញ្ចេញនូវឈុតខ្លី Teaser រឿង Mulan ឬ “វីរៈនារីមូឡាន” ដែលជាខ្សែភាពយន្តផលិតឡើងវិញចេញពីតុក្កតាឆ្នាំ១៩៩៨។ ជាពិសេសមហាជនជាច្រើនបានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះការផលិតឡើងវិញបែប live action ដែលជាភាពយន្តបង្ហាញនូវប្រវត្តិសាស្ត្ររបស់ចិន។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ អ្នកលេងបណ្តាញសង្គមចិនជាច្រើនបានលើកឡើងថាខ្លួនបានសង្កេតឃើញនៅក្នុងឈុតមួយដែលសញ្ញាពណ៌ក្រហមនៅលើថ្ងាសរបស់ Mulan មានលក្ខណៈស្រដៀងនឹងឡូហ្គូរបស់ក្រុមហ៊ុន Huawei។ ដោយនៅក្នុងឈុតមួយដែល Mulan ត្រូវបានគេកំពុងតែផាត់មុខនិងគូរគំនូសក្រហមនៅលើថ្ងាសខណៈដែលនាងត្រូវបានគេណែនាំពីវិធីឲ្យក្លាយទៅជាភរិយាល្អសម្រាប់អនាគតស្វាមី។

ទោះបីជាសញ្ញាក្រហមនៅលើថ្ងាសរបស់ Mulan និងឡូហ្គូរបស់ក្រុមហ៊ុន Huawei មានភាពខុសគ្នាបន្តិច តែក៏មានឃ្លាមួយដែល Mulan បាននិយាយថា “I will bring honor to us all.” ដែលធ្វើឲ្យអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមចិនមួយចំនួនបាននឹកឃើញដល់ម៉ាកទូរស័ព្ទមួយរបស់ក្រុមហ៊ុន Huawei មានឈ្មោះថា Honor៕

<

ដោយ​​៖ ណារ៉ែន