រថយន្ត July 10, 2019 lyda
ស្អាតមែនទែន! Cooper SE ស៊េរីឆ្នាំ 2020 ដែលជាត្រកូលរថយន្តអគ្គិសនីដំបូងបំផុតរបស់ Mini បង្ហាញមុខហើយ

Mini Automotive ទើបតែបញ្ចេញនូវម៉ូដែល Cooper SE ស៊េរីឆ្នាំ 2020 ក្ដៅៗ ដែលវាជាត្រកូលរថយន្តអគ្គិសនីដំបូងបំផុតរបស់ម៉ាកនេះ។ វាបំពាក់ដោយម៉ូទ័រអេឡិចត្រូនិកកម្លាំង 135kW/270Nm ដែលធ្វើឱ្យរថយន្ត hatch ទ្វារ 3 មួយនេះអាចមានសន្ទុះល្បឿនពី 0-60 គីឡូម៉ែត្រ/ម៉ោង ដោយប្រើពេលតែ 3.9វិនាទី និងពី 0-100 គីឡូម៉ែត្រ ត្រឹមតែរយៈពេល 7.3វិនាទី ខណៈដែលល្បឿនអតិបរមារបស់វាគឺ 150 គីឡូម៉ែត្រ/ម៉ោង។ ម៉ូដែលមួយនេះដើរដោយថ្មសាកលីចូមអ៊ីយ៉ុងទំហំ 32.6kWh ដែលក្រុមហ៊ុនអះអាងថា បើកបរបានចម្ងាយពី 235 ទៅ 270គីឡូម៉ែត្រ ពេលសាកថ្មពេញម្ដង។

Mini ក៏បានឱ្យដឹងដែរថា Cooper SE មានសមត្ថភាពសាកថ្មបាន 80% ក្នុងរយៈពេល 35នាទី ប៉ុណ្ណោះ (fast charging)។ ឃ្លុបខាងក្រោយរបស់វាក៏មិនខុសពីម៉ូដែល Cooper S ដែរ ដោយវាមានសមត្ថភាពផ្ទុករហូតដល់ 211លីត្រ និង 731លីត្រ នៅពេលដែលកាច់កៅអីខាងក្រោយបត់ចុះ។ ប៉ុន្តែ Cooper SE ត្រូវបានគេឱ្យដឹងថា មានទម្ងន់ធ្ងន់ជាង Cooper S ចំនួន 145គីឡូក្រាម ដោយ Cooper S មានទម្ងន់ 1,365 គីឡូក្រាម។ ចំណែកតម្លៃរបស់ Mini Cooper SE នៅក្នុងទីផ្សារអង់គ្លេសគឺ ចាប់ពី 24,400 ផោន (43,883ដុល្លារអាមេរិក) ជាមួយការដឹកជញ្ជូននឹងចាប់ផ្តើមនៅខែមីនា ឆ្នាំ2020 នេះហើយ៕

អត្ថបទ៖ លីដា