សុខភាព July 10, 2019 Khmernote
ត្រឹម២ខែប៉ុណ្ណោះ អ្នកកើតគ្រុនឈាមមានជាង១ម៉ឺននាក់ ស្លាប់ជាង២០នាក់

ត្រឹម​តែ​រយៈ​ពេល ២ ខែ​ប៉ុណ្ណោះ គឺ​ចាប់​តាំង​ពី​ដើម​ខែ ឧសភា រហូត​មក​ដល់​ដើម​ខែ កក្កដា ឆ្នាំ ២០១៩ នេះ មាន​ករណី​កើត​ជំងឺ​គ្រុនឈាម​ចំនួន ១ម៉ឺន៥ពាន់នាក់ និង​ស្លាប់​ចំនួន ២៥នាក់។ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ស្តីពី ស្ថានភាព​ជំងឺ​គ្រុនឈាម។

ទោះ​បី​ជា​មាន​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​កើត​ជំងឺ​គ្រុន​ឈាម និង​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​ក្តី តែក្រសួង​បញ្ជាក់​ថា ស្ថានភាព​ជំងឺគ្រុន​ឈាម​នៅ​ប្រទេស​កម្ពុជា​យើង​អាច​គ្រប់គ្រង​បាន។ តែ​ទោះ​ជា​បែប​នេះ​ក្តី ក្រសួង​សុខាភិបាល​នៅ​តែ​ទទូច​ឲ្យ​ប្រជាពលរដ្ឋ អាជ្ញាធរ​បន្តការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុនឈាម ដោយ​ការ​បំបាត់​ជម្រក​មូស​ខ្លា និង​គេង​ក្នុង​មុង។

ក្នុង​ករណី​មាន​រោគ​សញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​ពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​បំផុត មិន​ឲ្យ​យឺត​ជាង ៧២ ម៉ោង​បន្ទាប់​ពី​ក្តៅ​ខ្លួន។

ចំណុច​ដែល​គួរ​ចៀស​វាង​នោះ គឺ​កុំ​សាកល្បង​ព្យាបាល​អ្នក​ជំងឺ​គ្រុនក្តៅ​ខ្លាំង​ភ្លាមៗ​នេះ​ដោយ​ខ្លួន​ឯង ឬ​ពន្យារ​ពេល​តាម​ដាន និង​ព្យាបាល​អ្នក​ជំងឺ​នៅ​សេវាឯកជន​ដែល​គ្មាន​សមត្ថភាព​ព្យាបាល​ជំងឺ​គ្រុនឈាម​ឲ្យ​សោះ។

ផ្តល់សិទ្ធដោយ៖ Helloគ្រូពេទ្យ