បច្ចេកវិទ្យា July 10, 2019 lyda
ក្រុមហ៊ុនផលិតយន្តហោះ Boeing ធ្លាក់ចុះការដឹកជញ្ជូនរហូតដល់ ៣៧% ចាប់តាំងពីមានឧបទ្ទវហេតុចំនួនពីរលើក

ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បាននិយាយថា ការដឹកជញ្ជូនរបស់ពួកគេនៅពាក់កណ្តាល ឆ្នាំ២០១៩ បានធ្លាក់ចុះរហូតដល់ ៣៧ភាគរយ ធៀបនឹងឆ្នាំមុន បន្ទាប់ពីមានឧបទ្ទវហេតុចំនួនពីរលើក ដែលមានទាក់ទងនឹងយន្ដហោះរបស់ក្រុមហ៊ុននេះ។ Boeing បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានដឹកជញ្ជូនយន្តហោះពាណិជ្ជកម្មបានចំនួនត្រឹមតែ ២៣៩គ្រឿង នៅចន្លោះខែមករា និងខែមិថុនា។ ការធ្លាក់ចុះនេះបណ្ដាលមកពីឧបទ្ទវហេតុចំនួនពីរលើកនៃម៉ូដែល 737 MAX 8 នៅឥណ្ឌូណេស៊ី និងអេត្យូពី ដែលនាំឱ្យមានការផ្អាកហោះហើរចំពោះម៉ូដែលនេះ ហើយផលិតកម្មរបស់ 737 របស់ក្រុមហ៊ុនក៏ត្រូវកាត់បន្ថយ។

<

ក្រុមហ៊ុន Boeing កំពុងធ្វើការដើម្បីកែលម្អកម្មវិធី software ដែលពាក់ព័ន្ធនឹងការធ្លាក់របស់ម៉ូដែល 737 MAX 8 របស់ខ្លួន ដូច្នេះការហោះហើរនឹងអាចបន្តបាន។ កាលពីថ្ងៃអាទិត្យក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់អារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថា ខ្លួននឹងពិនិត្យមើលកិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុន Boeing ។ យ៉ាងណាមិញក្រុមហ៊ុន Airbus ដែលជាគូប្រជែងមានមូលដ្ឋាននៅប្រទេសបារាំង បានដឹកបញ្ជូនចេញនូវយន្តហោះចំនួន ៣៨៩គ្រឿង នៅពាក់កណ្តាល ឆ្នាំ២០១៩ នេះ ដូច្នេះវាច្រើនជាង Boeing រហូតដល់ ១៥០គ្រឿង៕

អត្ថបទ៖ លីដា