ព័ត៌មានជាតិ July 11, 2019 Khmernote
ឃាត់ខ្លួនជនជាតិវៀតណាម ៥នាក់ ក្រោយរកឃើញថាឆ្លងដែនចូលកម្ពុជា ស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៥នាក់ ពីបទស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ស្ថិតនៅចំណុចផ្សារចាស់ ភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នេះបើយោងតាមការបង្ហោះរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ជនជាតិវៀតណាមទាំង ០៥នាក់ បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ តាមច្រកហាទាង (ព្រែកចាក) ខេត្តកំពត ក្នុងគោលបំណងមកធ្វើការជាកម្មករសំណង់។ បច្ចុប្បន្នជនជាតិវៀតណាមទាំង ០៥នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ បញ្ជូនទៅកាន់នាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តបន្ត៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ដោយ៖ ណារ៉ែន