បច្ចេកវិទ្យា July 13, 2019 Khmernote
លេចធ្លាយផ្ទាំងពាណិជ្ជកម្ម Samsung Galaxy Watch Active 2 មុនការប្រកាស

កាលពីពេលថ្មីៗនេះ លេចធ្លាយរូបភាពផ្ទាំងពាណិជ្ជកម្មរបស់នាឡិកាដៃឆ្លាតវ័យ Samsung Galaxy Watch Active 2 មុនពេលបញ្ចេញលក់នៅលើទីផ្សារ។ Galaxy Watch Active 2 ត្រូវបានគេរាយការណ៍ថា នឹងមានពីរទំហំគឺ ទំហំ ៤០​ មីលីម៉ែត្រ និង ៤៤ មីលីម៉ែត្រ និងមានបីពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ មាស និងទឹកប្រាក់។ Galaxy Watch Active 2 មានរូបរាងស្តើងជាងមុន ហើយវាក៏បានបំពាក់មុខងារសុខភាពជាច្រើនដូចជា ECG និង Fall detection ជាដើម។

ECG ពាក្យពេញ “Echocardiagram” គឺសម្រាប់ព័ត៌មានលំអិតពីភាពមិនប្រក្រតីផ្សេងៗនៃបេះដូង ដូចជាបេះដូងលោតខុសចង្វាក់ ឬបេះដូងលោតមិនទៀងទាត់ជាដើម ដើម្បីឲ្យអ្នកប្រើប្រាស់យកព័ត៌មានទាំងនេះទៅពិភាក្សាជាមួយគ្រូពេទ្យរកវិធីព្យាបាល។ ចំណែក Fall detection វិញ គឺស្រដៀងមុខងារលើ Apple Watch 4 ដែរ ដែលវាអាចដឹងបាននៅពេលអ្នកប្រើប្រាស់ដួល ហើយវានឹងលោតដំណឹងអាសន្ននៅលើអេក្រង់នាឡិកា ដែលអាចឲ្យអ្នកប្រើប្រាស់ចុចតេទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់តែម្តង។ ក្នុងករណីយើងដួលសន្លប់បាត់ស្មារតី ហើយនាឡិកាលោតដំណឹងអាសន្ននោះចោលមួយសន្ទុះក្រោយវានឹងតេទូរស័ព្ទដោយស្វយ័តប្រវត្តិភ្លាមៗទៅកាន់លេខទូរស័ព្ទយើងបានកំណត់។ មុខងារទាំង២នេះមានសារៈសំខាន់សម្រាប់មនុស្សវ័យចំណាស់។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Galaxy Watch Active 2  នឹងត្រូវបញ្ចេញលក់ជាផ្លូវការនៅថ្ងៃ​ទី ៧ ខែសីហា ខាងមុខនេះ ស្របពេលដែលក្រុមហ៊ុននឹងបញ្ចេញលក់ទូរស័ព្ទ Galaxy Note10 និង Note10+ ផងដែរ៕

អត្ថបទ៖ ភក្តី