រថយន្ត July 12, 2019 lyda
EXP 100 GT កំពូលរថយន្តអគ្គិសនីមកពីអនាគតរបស់ Bentley បង្ហាញមុខហើយ នៅចំថ្ងៃគម្រប់ខួប ១០០ឆ្នាំ ក្នុងប្រទេសអង់គ្លេស

Bentley ប្រារព្ធខួបកំណើតលើកទី 100ឆ្នាំ របស់ខ្លួន ប៉ុន្តែជាជាងការសើរើម៉ូដែលពីអតីតកាល ក្រុមហ៊ុននេះកំពុងសម្លឹងឆ្ពោះទៅរកអនាគត ដោយពួកគេបានបញ្ចេញនូវម៉ូដែល EXP 100 GT ដែលជារថយន្តដើរដោយស្វ័យប្រវត្ត ហើយជាប្រភេទអគ្គិសនីទៀតផង។ ម៉ូដែលនេះបានបង្ហាញកាលពីមិ្សលមិញ នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Bentley ផ្ទាល់តែម្ដង ក្នុងទីក្រុង Crewe ប្រទេសអង់គ្លេស។

ដូចយើងដឹងស្រាប់ហើយថា ម៉ាក Bentley នេះគឺជាកំពូលរថយន្តប្រណីតដ៏ល្បីល្បាញ ដូច្នេះបើនិយាយពីការរចនាវិញ ម៉ូដែលមួយនេះគឺដូចជាកំពុងរស់នៅក្នុង ឆ្នាំ2035 អីចឹង! ពោលគឺវាមានរូបរាងស្រស់ស្អាតមែនទែន មិនថាមើលចេញពីជ្រុងខាងណាក៏ដោយ។ ប៉ុន្តែយ៉ាងណាក៏ដោយ Bentley មិនមែនត្រឹមតែមានការរចនាល្អឯកតែមួយមុខនោះទេ វាមានអ្វីច្រើនជាងភាពស្រស់ស្អាត។

នៅពីក្រោមការរចនាដ៏ស្រស់ស្អាតទាំងអស់នេះ គឺវាបំពាក់ជាមួយនឹង powertrain ប្រភេទ ថ្ម-អគ្គិសនី ដែលមានកម្លាំងបង្វិលរហូតដល់ 1,106lb-ft (1,500Nm) ដែលជំរុញថាមពលឱ្យ EXP 100 GT មានសន្ទុះពី 0 ទៅ 60 ម៉ាយ/ម៉ោង (ឬ 0-96គីឡូម៉ែត្រ/ម៉ោង) ក្នុងរយៈពេលតែ 2.5វិនាទី ប៉ុណ្ណោះ និងមានល្បឿនអតិបរមា 186ម៉ាយ/ម៉ោង (ឬ 300គីឡូម៉ែត្រ/ម៉ោង)។

អ្វីដែលអស្ចារ្យជាងនេះសូម្បីតែជាមួយនឹងថាមពលដ៏ខ្លាំងបែបនេះក៏ដោយ ក៏ម៉ូដែលមួយនេះនៅតែអាចបើកបរបានរហូតដល់ចម្ងាយ 435ម៉ាយ ឬ 700គីឡូម៉ែត្រ រាល់ពេលសាកថ្មពេញម្ដង ។ ហើយ Bentley ក៏អះអាងផងដែរថា រថយន្តនេះអាចទាញយកមកវិញនូវថាមពលថ្មរហូតដល់ 80ភាគរយ ក្នុងរយៈពេលតែ 15នាទី ប៉ុណ្ណោះ តាមរយៈឆ្នាំងសាកថ្មប្រភេទលឿន (fast charging)។ យ៉ាងណាក៏ដោយ Bentley នៅមិនទាន់បញ្ជាក់ថា ម៉ូដែលនេះនឹងផលិតឱ្យប្រើប្រាស់នៅពេលណានោះទេ ប៉ុន្តែ Bentley ច្បាស់ណាស់ថា កំពុងធ្វើការលើគម្រោងនេះ៕

អត្ថបទ៖ លីដា