ព័ត៌មាន July 12, 2019 Khmernote
កាត់ទោសប្រហារជីវិតបុរសជនជាតិថៃ ក្រោយរំលោភ និងសម្លាប់ស្រ្តីជាភ្ញៀវទេសចរណ៍

ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានគេកាត់ទោសប្រហារជីវិត ក្រោយគាត់បានរំលោភ និងសម្លាប់ស្រ្តីជនជាតិអាឡឺម៉ង់ជាភ្ញៀវទេសចរណ៍ម្នាក់ ដែលបានទៅកំសាន្តទៅលើកោះ Si Chang ភាគខាងលិចប្រទេសថៃ។ បុរសជាជនដៃដល់មានឈ្មោះថា Ronnakorn Romruen អាយុ ២៤ ឆ្នាំ ចំណែកឯស្រ្តីជនរងគ្រោះមានឈ្មោះថា Miriam Beelte អាយុ ២៦ ឆ្នាំ មកពីទីក្រុង Hildesheim ប្រទេសអាឡឺម៉ង់។ គួរម្លឹកជូនថា កាលពីអំឡុងខែមេសាកន្លងមកនេះ ស្ត្រីជនរងគ្រោះបានទៅកំសាន្តនៅក្នុងប្រទេសថៃ ហើយនៅថ្ងៃទី ៧ ខែមេសា នាងបានទៅដល់កោះ Si Chang ហើយនាងត្រូវបានបុរសជនជាតិថៃម្នាក់ចាប់រំលោភ ហើយបន្ទាប់ពីរំលោភរួចជនដៃដល់ក៏បានយកដុំថ្មទៅវាយលើក្បាលរបស់នាងរហូតដល់ស្លាប់យ៉ាងអាណោច​អាធ័មបំផុត។

ក្រោយកើតហេតុជនសង្ស័យក៏ត្រូវបានប៉ូលិសចាប់ខ្លួន ហើយរូបគេបានសារភាពថា ពិតជាបានរំលោភ និងសម្លាប់ស្រ្តីជនរងគ្រោះមែន។ បន្ទាប់ពីចាប់ខ្លួនរូបគេត្រូវបានប៉ូលិសបានរកឃើញបន្ថែមទៀតថា ជនដៃដល់ធ្លាប់បានប្រព្រឹត្តិបទល្មើសជាច្រើនរួមទាំងករណីគ្រឿងញៀន និងការឆក់ប្លន់​ទៀតផង។ ជាការពិតទៅត្រឹមតែការសម្លាប់ជនរងគ្រោះដើម្បីបំបាត់ភស្ដុតាង គឺមានទោសត្រូវប្រហារជីវិតបាត់ទៅហើយ ប៉ុន្តែដោយសារតែជនល្មើសបានសារភាពទោស ទើបទោសត្រូវបានសម្រាលពាក់កណ្ដាល។

យ៉ាងណាក៏ដោយថ្វីបើទោសរបស់ Ronnakorn Romruen ត្រូវបានសម្រាល ក៏មិនអាចធូរស្រាលគ្រប់គ្រាន់ឱ្យរួចពីសេចក្ដីស្លាប់ដែរ។ គាត់នឹងត្រូវតែមានទោសប្រហារជីវិតដដែល ដោយសារតែទោសរបស់គាត់គឺច្រើនពេក។ ម្ដាយរបស់ជនល្មើសឈ្មោះ Nongluck Phosang អាយុ ៤៣ឆ្នាំ ក៏មិនជំទាស់ជាមួយនឹងការដាក់ទោសប្រហារជីវិតនេះដែរ គាត់ថែមទាំងសុំការអភ័យទោស និងសោកស្ដាយចំពោះគ្រួសារសព។ ចំណែកលោក Ronnakorn គាត់អាចមានពេល ១ខែ ដើម្បីប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសនេះ មុននឹងគាត់ត្រូវបានគេដាក់ទោសប្រហារជីវិតជាផ្លូវការ៕

អត្ថបទ៖ ភក្តី