សុខភាព July 12, 2019 Khmernote
កូនតូចឧស្សាហ៍យំ តែកុំទុកឲ្យកូនយំខ្លាំងរហូតគាំង អាចប៉ះពាល់សរីរាង្គខាងក្នុង

ត្បិត​ការ​យំ​របស់​ទារក​ជា​រឿង​ធម្មជាតិ​ក៏​ដោយ តែ​បើ​យំ​ខ្លាំង និង​យូរ​ពេក​ក៏​មិន​ល្អ​ចំពោះ​ទារក​ដែរ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​គាំង ដែលជាហេតុនាំឲ្យ​ប៉ះពាល់​ដល់​បេះដូង​ទៅ​វិញ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។

អ្នកគ្រូពេទ្យ​ផ្នែកអាហារូបត្ថម្ភបាន​បន្ត​ទៀត​ថា កាលណា​កូន​យំ​ខ្លាំង ចលនា​បេះដូង​របស់​គាត់​អាច​មាន​បញ្ហា ដោយសារ​សំឡេង​ខ្លាំង ហើយ​អុកស៊ីសែន​នាំទៅ​ចិញ្ចឹម​ខួរក្បាលក៏​មិន​បាន​ល្អ៖ “ពេល​កូន​យំ​គាំង អុកស៊ីសែន​ដែល​នាំ​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​បាន​ល្អ​ទេ ហើយ​ករណី​នេះ​យូរ​ៗ​ទៅ​អាច​ប៉ះពាល់​ដល់​ខួរក្បាល​បាន”។ អ្នកស្រី​វេជ្ជបណ្ឌិត​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​ផ្ដើម​យំ សូម​ប្រញាប់​លួង​កូន​ជា​បន្ទាន់ ចៀសវាង​ទុក​ចោល​ឲ្យ​យំ​កាន់តែ​ខ្លាំង ហើយ​ប្រសិនបើ​គាំង​ខ្លាំង ត្រូវ​ប្រញាប់​រក​ជំនួយ​ពី​ពេទ្យ។

ក្នុង​ករណី​ដែល​កូន​គាំង​រហូតបាត់សំឡេង​ដល់​ឡើង​ស្វាយ​ខ្លួន ម៉ាក់​ៗ​គ្រប់​រូប​គួរតែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់ ហើយ​យើង​​មិន​គួរ​​លើក​កូន​មក​អង្រួន ឬ​យក​វត្ថុ​ផ្សេង​ដាក់​​មាត់ និង​មិន​គួរ​ឲ្យ​កូន​បៅ​ដោះ ឬ​ទឹក​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​ឈ្លក់ ឬ​ស្ទះ​ផ្លូវ​ដង្ហើម។

ជា​ធម្មតា​ទារក​អាច​យំ​គាំង និង​បាត់​ទៅវិញ​ខ្លួនឯង​ក្នុង​រយៈពេល ៣០-៦០វិនាទី តែ​បើ​មាន​បញ្ហា​យំ​គាំង​ច្រើនដង​ក្នុង​មួយថ្ងៃ អាច​មាន​បញ្ហា​អ្វី​មួយ ដូចនេះ​ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិភាក្សា និង​ស្វែង​រក​មូលហេតុ​ច្បាស់​លាស់។

ផ្តល់សិទ្ធដោយ៖ Helloគ្រូពេទ្យ