រថយន្ត July 13, 2019 lyda
រថយន្ត Mazda ជាង 26ម៉ឺនគ្រឿង មានបញ្ហាម៉ាស៊ីន ត្រូវបានក្រុមហ៊ុន ហៅអោយម្ចាស់យកមកវិញ

ក្រុមហ៊ុន Mazda កំពុងហៅត្រឡប់មកវិញនូវរថយន្តប្រភេទ SUV ចំនួន 262,000គ្រឿង និងរថយន្តមួយចំនួននៅសហរដ្ឋអាមេរិក ដើម្បីជួសជុលបញ្ហា software ដែលអាចធ្វើឱ្យម៉ាស៊ីនរលត់ដោយមិនដឹងខ្លួន។ ការប្រមូលមកវិញនេះគឺមានលើគ្រប់ម៉ូដែល Mazda6 midsize និង CX-5 SUVs ពីស៊េរីឆ្នាំ 2018 និងឆ្នាំ 2019 រួមទាំង Mazda 3 ស៊េរីឆ្នាំ 2019 ផងដែរ។ ក្រុមហ៊ុន Mazda បានឱ្យដឹងថា កម្មវិធី software នៅក្នុងកុំព្យូទ័រដែលគ្រប់គ្រងលើសន្ទះ បិទ/បើកសាំង មានបញ្ហា ដែលវាជាផ្នែកមួយនៃបច្ចេកវិទ្យាស៊ីឡាំងអសកម្ម (Cylinder deactivation) ដែលជាបច្ចេកវិទ្យាសម្រាប់កាត់បន្ថយការស៊ីប្រេងរបស់រថយន្ត។

ក្រុមហ៊ុនបាននិយាយនៅក្នុងឯកសាររបស់រដ្ឋាភិបាលកាលពីថ្ងៃពុធ ថា ជុំវិញបញ្ហា software នេះអ្នកបើកបរនឹងមិនទទួលបានការព្រមានជាមុនណាមួយនោះទេ មុនពេលដែលម៉ាស៊ីននឹងរលត់ ដែលជាហេតុបង្ករគ្រោះថ្នាក់ណាមួយដោយយថាហេតុ។ យ៉ាងណាមិញក្រុមហ៊ុន Mazda និយាយថា បញ្ហានេះមិនទាន់បង្កឱ្យមានគ្រោះថ្នាក់ ឬមានអ្នករងរបួសនៅឡើយទេ។ រាល់អ្នកចែកចាយនឹងត្រូវធ្វើការជួសជុលបញ្ហា software នេះជូនដល់អតិថិជនដោយឥតគិតថ្លៃ ហើយការហៅត្រឡប់មកវិញនេះនឹងត្រូវចាប់ផ្តើមធ្វើឡើងឱ្យបានមុនថ្ងៃទី 26 ខែសីហា ជាពិសេសក្រុមហ៊ុនបានបង្កើតមុខងារមួយនៅលើ Webiste ផ្លូវការរបស់ខ្លួនដើម្បីងាយស្រួលដល់អតិថិជន ធ្វើការស្វែងរកថា រថយន្តរបស់ខ្លួនជាប់ក្នុងបញ្ជីហៅត្រឡប់មកវិញរឺអត់ ដោយគ្រាន់តែបញ្ចូលលេខ VIN ជាការស្រេច តាមរយៈ https://www.mazdarecallinfo.com/

អត្ថបទ​៖ លីដា