ព័ត៌មាន July 13, 2019 lyda
ចក្រភពអង់គ្លេសកំពុងបញ្ជូននាវាចម្បាំងទីពីរទៅកាន់ច្រកសមុទ្រហ័រម៉ូស បន្ទាប់ពីមានភាពតានតឹងជាមួយប្រទេសអ៉ីរ៉ង់

ចក្រភពអង់គ្លេសកំពុងបញ្ជូននាវាចម្បាំងទីពីររបស់ខ្លួនទៅកាន់ច្រកសមុទ្រហ័រម៉ូស នៅពេលដែលមានភាពតានតឹងជាមួយប្រទេសអ៉ីរ៉ង់ជុំវិញឧប្បត្តិហេតុថ្មីៗក្នុងតំបន់។ ក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ជូននាវា HMS Duncan ទៅកាន់ឈូងសមុទ្រពែក្ស ដើម្បីអមដំណើរនាវាដឹកជញ្ជូនរបស់ខ្លួនដែលត្រូវឆ្លងកាត់តំបន់នេះ។ នាវានេះនឹងត្រូវជំនួសកន្លែងរបស់នាវា HMS Montrose ដែលនឹងត្រូវយកជួសជុលវិញ បន្ទាប់ពីនាវានេះបានចេញមុខការពារនាវាដឹកជញ្ជូនរបស់ខ្លួនដែលអ៉ីរ៉ង់បានព្យាយាមស្ទាក់ផ្លូវថ្មីៗនេះ។ ប៉ុន្ដែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា នាវាទាំងពីរនេះនឹងធ្វើការជាមួយគ្នាតែម្ដង។

ទំនាក់ទំនងរវាងប្រទេសអ៉ីរ៉ង់ និងចក្រភពអង់គ្លេសកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំងចាប់តាំងពីអាជ្ញាធរនៅក្នុងទីក្រុង Gibraltar បានរឹបអូសនាវាប្រេងរបស់អ៉ីរ៉ង់ចេញពីដែនដីអង់គ្លេស។ អាជ្ញាធរបានចាប់ខ្លួននាវិករបស់នាវាប្រេងអ៉ីរ៉ង់ រាប់បញ្ចូលទាំងប្រធានក្រុមនាវិកផងដែរ។ ប្រទេសអ៊ីរ៉ង់កំពុងទាមទារឱ្យមានការដោះលែងនាវា និងនាវិករបស់ខ្លួន ហើយបានព្រមានថា នឹងធ្វើសកម្មភាពសងសឹកទៅវិញ។ រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទូកនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថ្មីៗនេះបានព្យាយាមរារាំងការដឹកជញ្ជូននាវាដឹកប្រេងរបស់អង់គ្លេសនៅក្បែរច្រកសមុទ្រ Hormuz ប៉ុន្តែបានដកថយវិញ បន្ទាប់ពីមានការព្រមានពីនាវា HMS Montrose របស់កងទ័ពជើងទឹកអង់គ្លេស៕

អត្ថបទ៖ លីដា