ព័ត៌មាន July 13, 2019 lyda
ភ្លៀងមូសុង ទឹកជំនន់ និងការរអិលបាក់ដីនៅទូទាំងនេប៉ាល់ បានធ្វើឱ្យមានមនុស្សស្លាប់រហូតដល់ ១៧នាក់ និងបាត់ខ្លួនជាច្រើននាក់ផ្សេងទៀត

ក្រុមមន្ត្រីបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ភ្លៀងមូសុងបានបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់នៅទូទាំងប្រទេសនេប៉ាល់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់, របួស ៧នាក់ និងបាត់ខ្លួនច្រើននាក់ទៀត។ ប្រទេសនេប៉ាល់ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ដោយមានរដ្ឋធានី Kathmandu និងភាគខាងកើតរបស់ប្រទេស ត្រូវទទួលរងការវាយប្រហារខ្លាំងបំផុត ដោយគ្រោះមហន្តរាយនេះ។

នាយកដ្ឋានជលសាស្ត្រ និងឧតុនិយមកាលពីថ្ងៃសៅរ៍បានព្រមានថា កម្រិតទឹកនៃទន្លេជាច្រើននៅភាគនិរតីនៃប្រទេសនេប៉ាល់ បានឈានដល់កម្រិតគ្រោះថ្នាក់។ ការព្យាករណ៍អាកាសធាតុក៏បានព្រមានពីភ្លៀងធ្លាក់ដែលនឹងមានជាបន្តបន្ទាប់ និងខ្យល់បក់យ៉ាងខ្លាំងនៅក្នុងផ្នែកជាច្រើននៃប្រទេសនៅពេញសប្តាហ៍នេះ។ ខ្យល់មូសុងនៅក្នុងប្រទេសនេប៉ាល់ ដែលមានរយៈពេលពីខែកក្កដាដល់ខែកញ្ញា បានបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់ជារៀងរាល់ឆ្នាំ និងបន្សល់ឱ្យមានការស្លាប់មនុស្សរាប់រយនាក់៕

អត្ថបទ៖ លីដា